ព័ត៌មានជាតិ

ក្នុងរាជធានីភ្នំពេញមានកន្លែងកកស្ទះចរាចរណ៍រាល់ថ្ងៃជាង១៨០កន្លែង

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងរាជធានីភ្នំពេញមានកន្លែងកកស្ទះចរាចរណ៍រាល់ថ្ងៃចំនួនជាង១៨០កន្លែង ដែលអាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងធ្វើការដោះស្រាយឲ្យបានប្រសើរឡើង។ គ្រប់កន្លែងកកស្ទះចរាចរណ៍ទាំងនោះ ក៏ត្រូវបានសមត្ថកិច្ចប៉ូលិសឈរជើង ដើម្បីសម្រួលចរាចរណ៍ផងដែរ។

លោកបន្តថា នៅរាជធានីភ្នំពេញមិនមែនត្រឹមតែកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ គឺវានៅមានស្ទះ២ទៀតនោះ គឺការកកស្ទះលូ និងការកកស្ទះសម្រាម។ ជុំវិញបញ្ហាប្រឈមទាំងបីនេះ សាលារាជធានីភ្នំពេញបាននឹងកំពុងធ្វើការដោះស្រាយផងដែរ ដោយបានកសាងផ្លូវការពង្រីកផ្លូវ ធ្វើបណ្តាញលូថ្មី ដែលមានទំហំធំជាងមុនជាច្រើនដង និងការគ្រប់គ្រងទុកដាក់សំរាម ដោយបានចុះ MOU ជាមួយអាជ្ញាធរខណ្ឌផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាសំរាមនេះដែរ សាលារាជធានីភ្នំពេញបានចុះMOUជាមួយខណ្ឌចំនួន៤រួចហើយ ហើយនៅចុងខែមិថុនានេះ យើងនឹងបន្តចុះMOUជាមួយខណ្ឌចំនួន៤បន្តទៀត ហើយនៅខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ សាលារាជធានីភ្នំពេញនឹងបន្តបន្តចុះMOUជាមួយខណ្ឌចំនួន៤ផ្សេងទៀត ដើម្បីបញ្ចប់ទាំង១២ខណ្ឌតែម្តង។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០១៦ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែចូលសាលាកសិកម្មចំការដូង ដោយមានការចូលរួមពីនិស្សិត ប្រជាពលរដ្ឋនិងមន្ត្រីរាជការជាច្រើនរយនាក់ផងដែរ។

លោក ប៉ា សុជាតិវង្ស ក៏បានលើកឡើងផងដែរ ប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងណាស់ ទន្ទឹមនឹងការរីកចម្រើននេះ រាជរដ្ឋាភិបាលក៏បានជំរុញឲ្យមានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធឲ្យសមស្របទៅតាមការរីកចម្រើននេះដែរ ក្នុងនោះមានរួមទាំងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានលឿនទាន់ពេលវេលាផងដែរ។

ពាក់ព័ន្ធទៅនឹងការការដ្ឋានស្ថាបនាផ្លូវមួយខ្សែចូលសាលាកសិកម្មចំការដូងខាងលើនេះលោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា កំណាត់ ផ្លូវមួយខ្សែចូលសាលាកសិកម្មចំការដូងនេះ ត្រូវស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកមានទទឹង៧ម៉ែត្រ និងបណ្តោយប្រវែង៦៥៣ម៉ែត្រ មានកម្រាស់១តឹកកន្លះ ដោយប្រើប្រាស់រយៈពេលនៃការស្ថាបនាចំនួន៣ខែ ស្របពេលដែលផ្លូវចាស់មានទទឹងត្រឹមតែ៥ម៉ែត្រកន្លះប៉ុណ្ណោះ៕

មតិយោបល់