ព័ត៌មានជាតិ

ផ្តន្ទាទោស ស្ត្រីម្នាក់ដាក់គុក ៨ឆ្នាំរឿង នាំនារីខ្មែរ ទៅការប្តីចិន

ភ្នំពេញៈ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ លោក លី លីបម៉េង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទឈ្មោះ អ៊ុច សេងហុង ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ មុខរបរ កសិករ ដាក់ពន្ធនាគារ កំណត់រយៈពេល ៨ឆ្នាំ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តដល់ជនរងគ្រោះ ចំនួនពីរនាក់ ក្នុងម្នាក់ៗ ២លានរៀល ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន យោងតាមមាត្រា ១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។

នៅក្នុងសវនាការកាលពីពេលកន្លងទៅជនជាប់ចោទ បានសារភាពថា ខ្លួនមានបំណងនាំនារីរងគ្រោះទាំង២នាក់ទៅ រៀបការប្តីនៅប្រទេសចិន ដោយបានលុយក្នុងម្នាក់ៗ ចំនួន ២,០០០ដុល្លារ ប៉ុន្តែប្រាក់នេះ គេបានចំណាយទៅវិញ ក្នុងការធ្វើដំណើរ និងរៀបចំឯកសារផ្សេងៗ។

ជនជាប់ចោទបន្ដថា ខ្លួនបម្រុងនាំនារីរងគ្រោះទៅប្រទេសចិន តាមច្រកព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម បាវិតខេត្តស្វាយរៀង។

គួររំឭកថា ជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចករិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ខណៈកំពុង
នាំនារីរងគ្រោះពីរនាក់ មកពីស្រុកកំណើត បម្រុងនាំចេញទៅរៀបការប្តីនៅប្រទេសចិន៕

មតិយោបល់