ភ្នំពេញៈ បុរសម្នាក់បានលួចទូរសព្ទ ខណៈម្ចាស់ចូលបន្ទប់ទឹក ហើយយកទៅលក់នៅផ្សារសាំហាន់ ពេលកំពុងលក់ ម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចធ្វើការអប់រំ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅមុខបន្ទប់ជួលលេខ១២ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ធី ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួលម្តុំខាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះមានឈ្មោះ ឥន សុខរស់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត និងប្រពន្ធឈ្មោះ អៀប ស្រឡៃ អាយុ៣៨ឆ្នាំ មុខរបរ លក់គុយទាវ អ្នកទាំង២ស្នាក់ នៅបន្ទប់ជួលលេខ១២ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រីទូរសព្ទដែលជនសង្ស័យលួចបានសម្រេចនោះម៉ាកសាំសុងA5ពណ៌ស។
ប្រភពព័ត៌មានពីបុរសជាម្ចាស់ទូរសព្ទឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបណ្តើរម៉ូតូចេញពីបន្ទប់ដោយទុកទូរសព្ទនៅក្នុងកន្ត្រកម៉ូតូ គាត់បានចូលបន្ទប់ទឹកពេលចេញពីបន្ទប់ទឹកមិនឃើញទូរសព្ទមានការសង្ស័យថា មានគេលួចក៏ប្រញ៉ាប់ប្រញ៉ាល់ជិះដើររកនៅតាមកន្លែងលក់ទិញទូរសព្ទនៅផ្សារសាំហាន់ក៏ប្រទះឃើញជនសង្ស័យកំពុងតែលក់ទូរសព្ទដែលលួចពីកន្ត្រកម៉ូតូគាត់ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុដោយមិនដាក់ពាក្យបណ្តឹងនោះទេក៏ប្រគល់ឲ្យសមត្ថកិច្ចធ្វើការអប់រំរួចឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកទូរសព្ទក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់វិញផងដែរ៕
មតិយោបល់