កណ្ដាលៈ លោកតាវ័យចំណាស់អាយុ៨៨ឆ្នាំម្នាក់ បានយកអាគុយកង់ប្រើអគ្គិសនី ទៅសាកភ្លើងដោយមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យរបូតមុខតំណរេមកខ្លួន ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោលស្យវិច័យ និងបច្ចេកទេសវិទ្យាសាស្រ្ដស្រុកល្វាឯម បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ទេស គុន ភេទប្រុសអាយុ៨៨ ឆ្នាំ មានទីលំនៅភូមិល្វាសរក្រោមឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដែលបន្ថែមថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានឃើញកង់ដែលប្រើអាគុយអស់ភ្លើង ទើបក៏ដោះអាគុយចេញពីកង់ រួចយកទៅសាក ដោយបានយកខ្សែភ្លើង គាបជាប់ជាមួយនិងអាគុយ បន្ទាប់មកគាត់យកឌុយទៅដោតព្រីភ្លើង រួចទាញខ្សែភ្លើងទៅទាក់នឹងធ្នឹម បណ្ដាលឲ្យរបូតខ្សែភ្លើងចេញពីមុខតំណ មកប៉ះនឹងដើមទ្រូងគាត់ បង្កឲ្យឆក់ដួលស្លាប់ភ្លាមៗតែម្ដង។
ឃើញដូច្នោះកូនប្រុស ជនរងគ្រោះឈ្មោះ ទេស កាន បានយកជនរងគ្រោះទៅសង្គ្រោះ នៅមណ្ឌលសុខភាពល្វាសរ តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះមកពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន បច្ចុប្បន្នសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់