ព័ត៌មានសេដ្ឋកិច្ច

ប្រាសាទអង្គរវត្តជាប់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតនៅលើពិភពលោកឆ្នាំ២០១៧

អាជ្ញាធរជាតិអប្សរា បានប្រកាសថា ក្រោយការចូលរួមបោះឆ្នោត ពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ ប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលចាត់ទុកជា សំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ ៨ ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ ឆ្នាំ២០១៧។

អាជ្ញាធរជាតិអប្សរាបានបន្ដថា នេះគឺជាឆ្នាំទី ៤ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោក បោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ ១ជាប់ៗគ្នា តាមរយៈ គេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា។

ទន្ទឹមនេះ កាលពីឆ្នាំ ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយ ដែលតែងតែយក តំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់ លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។

បន្ទាប់មកទៀត នៅដើមឆ្នាំ ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិ មួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។

នៅក្នុងឆ្នាំ ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហ ទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើ ពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និង សៀវភៅជាដើម។

អាជ្ញាធរជាតិអប្សរា បានលើកឡើងថា នេះជាមោទនភាពមួយរបស់ជាតិខ្មែរទាំងមូល ដែលអង្គរវត្តរបស់កម្ពុជា ទទួលបានការគាំទ្រពី បណ្តាប្រជាជនជុំវិញពិភពលោក។

សូមជម្រាបដែរកាលពីខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅប្រទេសកម្ពុជាត្រូវបានប្រកាសជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ ២០១៦ និង ជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយម សម្រាប់ឆ្នាំ ២០១៦ ដោយមានការចាត់តាំងពី ប្រធាន ក្រុមប្រឹក្សាទេសចរណ៍ និង ពាណិជ្ជកម្មអឺរ៉ុប ក៏ដូចជាប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុបផងដែរ៕

មតិយោបល់