Post News Media ព័ត៌មានកីឡា មាន ឬមិនមាន M...

មាន ឬមិនមាន Messi ក្រុម Barcelona នៅតែមិនអាច​ធ្វើអ្វី Celta Vigo បានដដែល

ថ្វីដ្បិតតែក្រុម Celta Vigo មិនមែនជាក្រុមខ្លាំងដូច Real Madrid, Atletico Madrid, Sevilla និង Valencia ក៍ដោយ តែក្រុមអេស្ប៉ាញមួយនេះ អាចបង្កគ្រោះថ្នាក់​ដល់​ក្រុមជើងខ្លាំង Barcelona បាន។

ជាក់ស្តែងណាស់ ក្នុងជំនួបជើងទី១ Copa dey Rey ក្នុងដីខ្លួនឯងយប់មិញនេះ ក្រុម Celta Vigo លេងបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុមមិនទាន់ចាញ់ FC Barcelona ។ ក្នុងនោះដែរក្រុម Barcelona បានលាក់ជើងកីឡាករល្អៗ ដូចជា Lionel Messi និង Luis Suarez មិនដាក់លេងក្នុងការប្រកួតនេះឡើយ ខណ: Ousmane Dembele បានចូលលេងវិញហើយ ដោយប្តូរចូលនៅនាទីទី៧៥។ បើកឆាកការប្រកួត Barcelona អាចរកគ្រាប់បាល់ ១គ្រាប់នាំមុខមុនតាំងពី​នាទីទី ១៥ ដោយការស៊ុតរបស់ខ្សែប្រយុទ្ធបម្រុង Jose Arnaiz តែត្រូវបានតាមស្មើមកវិញ ដោយការស៊ុតរបស់​កីឡាករ Pione Sisto នៅនាទីទី៣១។

គួរបញ្ជាក់ផងដែរថា ក្រុមទាំង២ បានធ្វើការវាយលុកគ្នាយ៉ាងខ្លាំងក្លា តែមិនអាចរកគ្រាប់​បាល់បានទៀតឡើយ ដោយពួកគេសុទ្ធសឹងមានឱកាស​ច្រើនក្នុងការរកគ្រាប់បាល់បញ្ចូលទីបន្ថែមទៀត។ តាមរយ:ការប្រកួតនេះ បង្ហាញឲ្យឃើញថា ក្រុម Barcelona នៅតែមិនអាចយកឈ្នះក្រុម Celta Vigo បានដដែល ខណ:ជើងទី២ ត្រូវលេងក្នុងដីរបស់ Barcelona ក៍ដោយ តែការជួបគ្នា ២ប្រកួតចុងក្រោយក្នុងរដូវកាលថ្មីនេះ ពោលនៅ Laliga លេងក្នុងដី Barcelona បានត្រឹម ២-២ ដែលមានវត្តមាន​តារាឆ្នើម Lionel Messi និង Luis Suarez និង Copa dey Rey ក្នុងដី Celta Vigo បានត្រឹម ១-១ ទៀត។

ដូច្នេះហើយ គិតត្រឹមរដូវកាលនេះ ក្រុម Barcelona លេងមាន Messi ឬក៍អត់ Messi នៅតែមិនអាចយកឈ្នះក្រុម Celta Vigo បានដដែល ខណ:ជើងទី២ នឹងក្លាយជាការប្រកួតកាត់ក្តីថា Barcelona អាចឈ្នះ ឡើងទៅកាន់វគ្គបន្ត ឬក៍ជា Celta Vigo ជាអ្នកឡើងទៅកាន់វគ្គបន្ត។