ភ្នំពេញៈ ម៉ូតូសេ១២៥ចំនួន២គ្រឿង ត្រូវបានចោរលួចកាច់សោក ជិះយកទៅបាត់ដោយសុវត្ថិភាព ចេញពីកន្លែងតែមួយ តែដោយមានម៉ូតូមួយគ្រឿងមានភ្ជាប់ GPS ប្តឹងទៅសមត្ថកិច្ច រួមជាមួយម្ចាស់ ដេញតាមស្វែងរក តាំងពីសង្កាត់កន្ទោក ខណ្ឌកំបូលចូលរហូតដល់ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្វែងរកអស់រយៈពេលច្រើនម៉ោងទៅហើយ នៅមិនទាន់ឃើញ ។
ម៉ូតូដែលជនសង្ស័យលួច មួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1U-3073 មានម្ចាស់ឈ្មោះ ញឹម វីរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជាមួយបងស្រី នៅភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្រែននោង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ មិនចាំស្លាកលេខ ម្ចាស់រងគ្រោះជាមិត្តភក្ដិនឹងគ្នា ចេញដើរស្វែងរកផ្សេងគ្នា ។
តាមសម្តីយុវជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គឺជាពេលសម្រាកពីការងារ ជនរងគ្រោះ បានជិះម៉ូតូ ទៅផ្ទះមិត្តភក្ដិនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ចតទុកម៉ូតូមុខផ្ទះ ទាំង២គ្រឿង ជាមួយម៉ូតូមិត្តភក្ដិ រួចនាំគ្នាដើរទៅរកទិញអីហូប លុះវិលមកវិញ ម៉ូតូទាំង២គ្រឿង ក៏ត្រូវចោរលួចបាត់ ទើបនាំគ្នាឆោឡោ ដោយម៉ូតូស៊េរី២០២០ មានភ្ជាប់ GPS លោតសញ្ញារត់រហូតដល់ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ប្តឹងប៉ូលិសសហការ ដេញតាមស្វែងរក ដល់ចំណុចដែលសញ្ញាGPSលោត រកអស់ជាច្រើនម៉ោងហើយនៅតែមិនឃើញ ៕
មតិយោបល់