តាកែវៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានស្រ្តី២នាក់ និងបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានប្រើល្បិចឆបោក ដោយធ្វើជាសកម្មភាពរើសបានមាស ហើយលួងលោមស្រ្តីម្នាក់ ឲ្យឡើងជិះម៉ូតូជាមួយ លុះដល់ចំណុចជិតវត្តតាលឿង ឃុំឧត្តមសូរិយា ក៏បបួលជនរងគ្រោះឲ្យដោះចិញ្ចៀនមាស មួយវង់ទំងន់១ជី និងខ្សែកមាស ទម្ងន់៤ជី ប្រគល់ឲ្យពួកគេ រួចក៏ប្រគល់ខ្សែកកាឡៃ ទៅជនរងគ្រោះចំនួន១ខ្សែមកវិញ ទើបគេចខ្លួនបាត់តែម្តង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្សារអង្គតាសោម ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ សួន នាង ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យទាំង៣នាក់ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់