ព័ត៌មានជាតិ

ខ្សែភ្លើងដាច់ធ្លាក់ចូលប្រឡាយទឹកក្របីជាច្រើនក្បាលឆ្លងកាត់ភ័យស្លន់ស្លោ

ស្វាយរៀងៈ សត្វក្របីជាច្រើនក្បាល ត្រូវបានខ្សែភ្លើងឆក់ សំណាងដោយបានប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ឃើញទាន់នាំគ្នាយកឈើលើកចេញ និងដេញវាយក្របីទាំងនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិពោធិ៍ថ្មីខាងលិច ឃុំស្វាយតាយាន ស្រុមកកំពង់រោធិ៍ ខេត្តស្វាយរៀង។

បើតាមលោក លី ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ ដែលមានទីលំនៅក្បែរភូមិកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានធ្វើដំណើរឆ្លងកាត់ក្បែរប្រឡាយទឹកនោះ ហើយក៏ឃើញសត្វក្របីជាច្រើនមានអាការៈញ័រទទ្រើតទទ្រើក ខណៈមានខ្សែភ្លើងធ្លាក់ចូលក្នុងទឹក ទើបមានការភ្ញាក់ផ្អើលស្រែកឲ្យអ្នកភូមិ នាំគ្នាជួយដោយយកឈើលើកខ្សែភ្លើង និងដេញវាយក្របីទាំងនោះឲ្យងើបចេញពីក្នុងទឹកផងដែរ។

ប្រភពបន្តថា នេះពិតជាសំណាងហើយ ដែលក្របីទាំងនោះមិនឆក់ងាប់ ខណៈដែលប្រឡាយទឹកនេះ គឺតែងតែមានក្មេងឃ្មាលក្របីជាច្រើននាក់ ចុះមុជទឹកនិងដាក់មងចាប់ត្រីរៀងរាល់ថ្ងៃ កុំអីមិនដឹងមានគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាពុំខាន។

អ្នកភូមិម្នាក់បានឲ្យដឹងថា បង្គោលខ្សែភ្លើងនេះ គឺនៅពេលមេឃភ្លៀង និងខ្យល់ម្ដងៗ គឺតែងតែធ្លាក់បាក់ចូលប្រឡាយទឹកនេះជាញឹកញាប់រហូតដល់ទៅ៥ទៅ៦ថ្ងៃទើបមានខាងសហគមន៍នាំគ្នាលើកខ្សែភ្លើងចេញ ខណៈបង្គោលដោយដាក់ត្រឹមតែបង្គោលឬស្សីតូចតែប៉ុណ្ណោះ ដោយមិនសូវគិតគូរពីសុវត្ថភាពអ្នកភូមិអ្វីនោះទេ៕

មតិយោបល់