ភ្នំពេញៈ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ៦គ្រួសារ នៅខេត្តកំពត បានសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹង លោកមេធាវី ខូវ ណារ៉ូ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យជួយរកយុត្តិធម៌ ដោយបានចោទប្រកាន់លោកមេធាវី ខូវ ណារ៉ូ ថាមានការជាប់ពាក់ព័ន្ធនឹងករណីពុករលួយ សូកប៉ាន់ តុលាការនិងមន្ត្រីសុរិយោដីខេត្តកំពត និងរឿងប្រើប្រាស់អាវុធ។
យោងតាមពាក្យបណ្តឹងដែលយើងទទួលបាន ពលរដ្ឋឈ្មោះ ជា សុខឃី និងឈ្មោះ ម៉ែន វណ្ណា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ បានប្តឹង លោកមេធាវី ខូវ ណារ៉ូ ទៅអង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធ ករណីរត់ការ សុំឲ្យតុលាការខេត្តកំពត ដោះលែងកូនក្តីនៅក្រៅឃុំ និងរឿងកាន់កាប់អាវុធ ម៉ាកឡុក ចំនួន ១ដើម និងម៉ាកប៉េរេតា ចំនួន១ដើម។
ដោយឡែកបណ្តឹងទៅកាន់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមួយច្បាប់ទៀត មានពលរដ្ឋ៤គ្រួសារ រួមមានឈ្មោះ សុខ រិន ឈ្មោះ កែវ សុជាតិ ឈ្មោះ អៀង រស្មី និងឈ្មោះ អៀង ចាន់ដារ៉ា បានប្តឹងលោក មេធាវី ខូវ ណារ៉ូ ដដែលពាក់ព័ន្ធរឿង សូកប៉ាន់តុលាការខេត្តកំពតឲ្យតម្កល់រឿងឥតចាត់ការ ក្នុងករណីឆបោកដែលមានកូនក្តី ឈ្មោះ ស៊ុន សៀង រួមទាំងមានរឿង រ៉ាវរត់ការធ្វើឲ្យសំណុំរឿង មានភាពមិនប្រក្រតីជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា លោក ខូវ ណារ៉ូ កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៦ មុខរបរមេធាវី អត្តលេខ ៣០៧ មានទីនៅផ្ទះលេខ១១២៣ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ខូវ ណារ៉ូ បានក្លាយជាមេធាវីពេញសិទ្ធិកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៥ ក្រោយពីលោកបានធ្វើសម្បថកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៣។
បច្ចុប្បន្នលោក ខូវ ណារ៉ូ បច្ចុប្បន្ន ជាមេធាវី នៃការិយាល័យមេធាវី KLSK LAW GROUP មានអាស័យដ្ឋាន ផ្ទះលេខ២៨៧ ផ្លូវសំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គួររំលឹកថា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមេធាវីម្នាក់ឈ្មោះ ពេជ រតនា មានអត្តលេខ ៣៤៦ ពាក់ព័ន្ធ រឿងសូកប៉ាន់តុលាការក្រុងភ្នំពេញ និងធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញឃុំខ្លួន រួមទាំងផ្តន្ទាទោសដាក់ពាន្ធនាគារផង។
ចំណែកមេធាវី ម្នាក់ទៀត ឈ្មោះ អ៉ិត ពិសិដ្ឋរង្សី មានអត្តលេខ ៩៩១ កំពុងតែសម្រាកនៅក្នុងពន្ធគាររាជធានីភ្នំពេញ ពាក់ព័ន្ធករណី ប្រព្រឹត្តហិង្សា ដោយប្រើប្រាស់អាវុធខ្លី បាញ់ឲ្យពលរដ្ឋស្លូតត្រង់រងរបួស នៅក្នុងវង់ផឹកស៊ី នៅក្បែរផ្ទះអគ្គស្នងការនគរបាលជាតិ កាលពីចុងឆ្នាំ២០១៧កន្លងទៅផងដែរ៕
មតិយោបល់