ព័ត៌មានជាតិ

អុញនោះ សមត្ថកិច្ចឃាត់ម៉ូតូគេច្រឡំ ធ្វើឲ្យកើតមានការរិះគន់ទៀតហើយ!

ភ្នំពេញៈ ប្រជាពលរដ្ឋមួយចំនួនធំ បានរិះគន់សមត្ថកិច្ចចរាចរណ៍ ដែលដាក់កម្លាំងនៅចំណុចតាមបណ្តោយផ្លូវនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ យ៉ាងខ្លាំង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចរាចរណ៍ទាំងនេះ បានដាក់កម្លាំងពួនស្ទាក់ ចាំមើលម៉ូតូដែលល្មើសច្បាប់ធ្វើដំណើរតាមដងផ្លូវ តែអ្វីដែលសំខាន់នោះ គឺឃាត់ច្រឡំម៉ូតូ បែរជាចំម៉ូតូដែលគេបើកបរគោរពច្បាប់ មានមួក មានកញ្ចក់ គោរពភ្លើងសញ្ញា គំនូសផ្លូវ និងច្បាប់ចរាចរណ៍ទៅវិញ ដែលទង្វើទាំងនេះធ្វើឲ្យកើតមានការក្តៅក្រហាយ និងរំខានដល់ការធ្វើដំណើររបស់ពួកគាត់។

ជាក់ស្តែងនៅវេលាម៉ោង ១និង៤៦នាទីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចរាចរណ៍ដែលពួននៅចំណុចខាងលើ បានបោះដៃគ្នាតាមវិទ្យុទាក់ទង ឃាត់ម៉ូតូរបស់ប្រជាពលរដ្ឋ ដែលជិះគោរពច្បាប់ត្រូវ ដោយនិយាយថា ម៉ូតូរបស់គេនោះបានបើកជាន់លើគំនូសផ្លូវ ដែលកាត់ទទឹងផ្លូវ សម្រាប់ទុកគម្លាតពីគំនូស.ស ដែលទុកសម្រាប់អ្នកដើរថ្មើរជើង ឆ្លងកាត់ផ្លូវ តែអ្វីដែលសំខាន់នោះ ក្រោយពីសាកសួរអស់រយៈពេលជាយូរ ទើបសមត្ថកិច្ចនៅទីនោះ និយាយថា ឃាត់ច្រឡំទេ ដែលទង្វើទាំងនេះធ្វើឲ្យរំខានដល់អារម្មណ៍របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ជាពិសេសពួកគាត់ សូមណូមពរដល់ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក ជួយពិនិត្យមើលសមត្ថកិច្ចក្រោមឱវាទឲ្យបានត្រឹមត្រូវផង៕

មតិយោបល់