ព័ត៌មានជាតិ

ល្បួងក្មេងស្រីអាយុ១៣ឆ្នាំយកទៅរំលោភ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យ បានឃាត់ខ្លួនយុវជនល្មោភកាមម្នាក់ នៅចំណុចក្នុងផ្ទះសំណាក់ «ណារ៉ាវី» បន្ទប់លេខ០២ ផ្លូវលេខ៣បេតេ ក្រុមទី០១ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ តាមដីកាតាមចាប់ខ្លួនរបស់តុលាការ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហួង វណ្ណៈ អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយឡែកជរងគ្រោះឈ្មោះ ហ.ព.វ.ម អាយុ១៣ឆ្នាំ មុខរបរសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ស្នាក់នៅភូមិចំរើនផល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមានម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-4658 និងទូរស័ព្ទដៃ១គ្រឿងចាស់។

លោកអធិការបានបន្តទៀតថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះ កំពុងរៀននៅក្នុងថ្នាក់ ពេលនោះជនសង្ស័យបានទូរស័ព្ទលួងលោមហៅមកជួបគ្នានៅផ្ទះសំណាក់ «ណារ៉ាវី» បន្ទប់លេខ០២ (ចំណុចកើតហេតុ) ហើយជនសង្ស័យបានជិះម៉ូតូមកចាំនៅក្នុងបន្ទប់ ផ្ទះសំណាក់ «ណារ៉ាវី» មុនរួចជាស្រេច ហើយក្មេងស្រីរងគ្រោះ ក៏បានមកតាមក្រោយ រួចបានរួមភេទជាមួយគ្នាបានសម្រេច១លើក ខណៈនោះឪពុកម្តាយក្មេងរងគ្រោះ បានមកឃើញទាន់ ក៏ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុន ចាត់ការតាមច្បាប់តែម្តង។

នគរបាលបានឲ្យដឹងថា ជនល្មើសនេះ ធ្លាប់មានដីកាឲ្យចាប់ខ្លួនម្តងមកហើយ ពីបទរួមភេទជាមួយក្មេងស្រីមិនគ្រប់អាយុដែរ ប៉ុន្តែជនល្មើសបានគេចខ្លួន ទើបថ្ងៃកើតហេតុនេះ ត្រូវនគរបាលចាប់ជាប់។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

មតិយោបល់