ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយពន្លះម៉ូតូ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

កំពង់ស្ពឺ: លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់។
ហេតុការណ៍កើតឡើងនៅថ្ងៃអាទិត្យ ៦រោជ ខែបុស្ស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១ និង៣០នាទីរសៀល លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៣១-៣២ ចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AI.2190 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចខ្លួនបាត់) ធ្វើដំណើរមកពីទិសខាងលិចទៅទិសខាងកើត មកដលចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CX.1492 អ្នកបើកបរឈ្មោះ សែត សុឃៀ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជ្រៃ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឌុបមនុស្សម្នាក់ឈ្មោះ តែ ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិជាមួយគ្នា ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ និងអ្នកជិះក្រោយរងរបួសធ្ងន់ បានបញ្ជូនទៅពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។

ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារ។ ចំណែកវត្ថុតាងទាំង២គ្រឿងរក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកសំរោងទង៕

មតិយោបល់