ព័ត៌មានជាតិ

យុវជនម្នាក់បែកថ្នាំ ប្រុងលោតសម្លាប់ខ្លួនពីលើផ្ទះជួលជាន់ទី៣ តែនគរបាលអន្តគមន៏ទាន់

ភ្នំពេញៈ យុវជនម្នាក់បែកថ្នាំលែងដឹងខុសត្រូវ បានប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើផ្ទះជួលជាន់ទី៣ មួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។

យុវជនខាងលើនោះ មានអាយុប្រហែល២០ឆ្នាំ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានអាការៈវង្វេងស្មារតី ដោយនៅពេលសមត្ថកិច្ចសួរនាំរូបគេ ហាក់បីដូចជាមិនដឹងអ្វីទាំងអស់ សូម្បីតែឈ្មោះខ្លួនឯង ក៏មិនស្គាល់ផង។
ពាក់ព័ន្ធនឹងករណីនេះ អ្នកជិតខាងគ្រាន់តែដឹងថា យុវជនម្នាក់នេះ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងទើបមកស្នាក់នៅផ្ទះជួលខាងលើថ្មីថ្មោងប៉ុណ្ណោះ។

តាមប្រភពព័ត៌មានសមត្ថកិច្ច ទទួលបានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានឃើញយុវជនរូបនោះ ស្ថិតនៅក្នុងស្ថានភាពរវើរវាយឈរនៅមុខបន្ទប់លើជាន់ទី៣នោះ និងចង់លោតសម្លាប់ខ្លួនថែមទៀតផង។ ពេលឃើញទិដ្ឋភាពគួរឲ្យខ្លាចបែបនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាស្រែកឃាត់ ប៉ុន្តែយុវជនខាងលើមិនព្រមស្ដាប់ឡើយ ហើយដោយខ្លាចរូបគេលោតសម្លាប់ខ្លួន ក៏បានរាយការណ៏ជូននគរបាល ដើម្បីឃាត់យុវជនខាងលើ។

ប្រភពដដែលបានបន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម នគរបាលប៉ុស្ដិ៍ចោមចៅ៣ ក៏បានចេញទៅអន្តរាគមន៏ ចំណែកយុវជនរូបនោះ គ្រាន់តែឃើញនគរបាលទៅដល់ ក៏បានរត់ចូលទៅក្នុងបន្ទប់របស់ខ្លួន ក្នុងស្ថានភាពភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះនគរបាលបានឲ្យរូបគេ នៅឲ្យស្ងៀមស្ងាត់ ហើយយុវជននេះ ក៏បានដេកស្ងៀម រីឯអ្នកជិតខាងបានឆែកលេខទូរស័ព្ទទាក់ទង ទៅក្រុមគ្រួសាររបស់គេ ហើយរហូតដល់វេលាម៉ោងជាង៧យប់ ថ្ងៃដដែល ទើបក្រុមគ្រួសារនាំយកត្រឡប់ទៅស្រុកកំណើតវិញ៕

មតិយោបល់