ភ្នំពេញៈ ក្រោយពីដឹងការពិតរបស់យុវជនម្នាក់ ដែលត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម និងមានស្នាមរបួសសោះខ្លួន បន្ទាប់ពីត្រូវបានក្រុមក្មេងស្ទាវមួយក្រុម ប្រដាប់ដោយកាំបិតដែកឆាប ព្រួតកាប់ចាក់ជាច្រើនកាំបិតនោះ ឥលូវដឹងការពិតហើយ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះប៊ុន ធឿនធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង១ គេបានឃើញជនរងគ្រោះ រត់បណ្តើរស្រែកបណ្តើរ ឲ្យជួយដោយមានក្មេងស្ទាវមួយក្រុម ប្រដាប់ដោយកាំបិត និងដែកឆាបដេញកាប់ចាក់មកពីក្រោយ ខណៈរត់មកមុខផ្ទះក្រុមក្មេងស្ទាវចាប់បាន ក៏កាប់និងចាក់ជាច្រើនកន្លែង បណ្តាលឲ្យរងរបួសពេញខ្លួន ភ្លាមនោះពុំមានអ្នកណាហ៊ានចូលទៅជួយនោះទេ។
សាក្សីដដែលបានបន្តថា បន្ទាប់មកក្រុមក្មេងស្ទាវបានរត់គេចខ្លួនអស់ ហើយបងប្អូនជនរងគ្រោះ ក៏បាននាំជនរងគ្រោះទៅមន្ទីរពេទ្យ លុះពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូរពេទ្យ បានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង១២ម៉ោង ទើបសម្ថិតកិច្ចធ្វើការឃាត់ខ្លួនបានជនដៃដល់ចំនួន២នាក់នេះតែម្តង បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានសម្ថកិច្ចនាំមកសាកសួរ នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់