ភ្នំពេញ៖ ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានមកទស្សនាកម្សាន្តនៅក្នុងប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ ២០១៤ កន្លងទៅនេះ មានចំនួន ៣១១.៣៨៨នាក់ បើធៀបនឹងឆ្នាំ ២០១៣ មានចំនួន ២៨៣.៧៨៧នាក់ កើនឡើង ៩,៧ភាគរយ។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់ក្រសួងទេសចរណ៍ចេញផ្សាយកាលពីថ្មីៗនេះ។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិទាំងអស់ដែលមកទស្សនាប្រទេសកម្ពុជា នាខែវិច្ឆិកា ភាគច្រើនមានគោលដៅមកកាន់រាជធានីភ្នំពេញ និងសៀមរាប-អង្គវត្ត រួមនឹងតំបន់អេកូទេសចរណ៍មួយចំនួនទៀត។ សម្រាប់ខែវិច្ឆិកា កន្លងទៅនេះក៏មានភ្ញៀវទេសចរណ៍ជាតិ បានធ្វើដំណើរទៅទេសចរណ៍នៅក្រៅប្រទេសជាច្រើនផងដែរ បើយោងតាមរបាយការណ៍មានចំនួនរហូតដល់ ៨៦.០៣១នាក់ បើធៀបនឹងឆ្នាំមុនកើនឡើង ៣០,៥ភាគរយ។
គួរបញ្ជាក់ផងដែរថា ចំនួនភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនានៅក្នុងប្រទេសកម្ពុជា នាខែវិច្ឆិកា ភាគច្រើនមកពីប្រទេសវៀតណាម មានចំនួន ៦៦.៥៧៩នាក់ មកពីចិន មានចំនួន ៤២.៤៤៨នាក់ មកពីឡាវ មានចំនួន ៤១.៩២៤នាក់ មកពីថៃ មានចំនួន ២៨.២៦៣នាក់ និងមកពីកូរ៉េមានចំនួន ២១.៦០០នាក់ ចំណែកក្រៅពីនេះមានជប៉ុន អូស្ត្រាលី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងតៃវ៉ាន់៕
ព័ត៌មានជាតិ
មតិយោបល់