ពោធិ៍សាត់ៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានអគ្គិភ័យបង្កការឆាបឆេះ ឃ្លាំងស្តុកឥវ៉ាន់របស់ប្រជាពលរដ្ឋចំនួន១ខ្នង បណ្តាលឲ្យខូចខាតឃ្លាំង និងឡាន១គ្រឿងទាំងស្រុង ព្រមទាំងបាត់បង់សម្ភារស្តុកទុកជាច្រើន បើសរុបជាទឹកប្រាក់គឺអស់ចំនួន៦០០០ដុល្លារ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ នួន មុន្នី ភេទប្រុស អាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះ យឹម ស៊ីណាត ភេទស្រី អាយុ៤៧ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។
សម្ភារដែលខូចខាតរួមមាន ប៉ោយដុសទឹកចំនួន១៦០០ តង់កៅស៊ូចំនួន១០០ កន្ទេលបត់ចំនួន១០០ ឆ័ត្រចំនួន៣៦ ត្បាល់បុកគ្រឿងចំនួន១០០ ថាសចំនួន៥០ ថាសជ្រុងចំនួន៥០ ធុងជ្រុងចំនួន៥០ សាប៊ូ៤កេះ សាប៊ូកក់សក់២កេះ កៅអីជ័រចំនួន៥០ តុជ័រចំនួន១០ ពួកឡានចំនួន៩ ចានស្រាក់ចំនួន២០០ ម៉ូតូ១គ្រឿង ឡានឆេះអស់មួយគ្រឿង ដោយឆេះអស់១ចំហៀងខាងស្តាំ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អគ្គិភ័យបានរាលដាលមកឆេះផ្ទះប្រជាដពលរដ្ឋជិតខាង ទី១មានឈ្មោះ យិន នឿន ខូចខាតជញ្ជាំងនិងដំបូល១ចំហៀង និងទី២ឈ្មោះ ណែប ហាយ ឆេះអស់ជញ្ជាំងខាងក្រោយផងដែរ។
បន្ទាប់ពីទទួលបានដំណឹង ភ្លាមៗនោះសមត្ថកិច្ចបាននាំយករថយន្តពន្លត់អគ្គិភ័យ ក្នុងការអន្តរាគមន៍ តែមិនអាចទប់ទល់នឹងការឆាបឆេះខាងលើនេះបានឡើយ៕
មតិយោបល់