មណ្ឌលគិរីៈ យោងតាមហ្វេសប៊ុក មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឲ្យដឹងថា កូនដំរី១ក្បាលបានងាប់នៅជាប់ក្នុងដំបូកត្រឹមពាក់កណ្ដាលខ្លួន ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃ០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ការចេកក្បែរប៉ុស្ដិ៍នគរបាលការពារព្រំដែនអូរជុំ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។
លោកឌិន ប៊ុនធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានចុះទៅពិនិត្យមើលផ្ទាល់។ លោកថ្លែងថា កូនដំរី១ក្បាលនេះមានអាយុប្រមាណ១ឆ្នាំ បានងាប់ត្រឹមពាក់កណ្ដាលខ្លួន គឺជើងក្រោយទាំង២ គៀបជាប់នៅក្នុងរណ្ដៅដីដែលមានទំហំ១ម៉ែត្រ និងមានជម្រៅ០,៧០ម៉ែត្រ។
លោកបានបញ្ជាក់ថា កូនដំរី១ក្បាលនេះប្រហែលជាទើបតែងាប់នៅយប់មិញនេះ ហើយឃើញមានស្នាមកាយដីកប់ដោយមេរបស់វា។ លោកថា បច្ចុប្បន្នកូនដំរី១ក្បាលនេះ ក្រុមការងារដែនជម្រកសត្វព្រៃកែវសីមាបានរៀបចំយកសាកសពសត្វដំរី១ក្បាលនេះទៅក្រសួងបរិស្ថានដើម្បីរក្សាទុកសំណាក៕
មតិយោបល់