ព័ត៌មានជាតិ

ក្រុមចោរលួចម៉ូតូ និងគាស់ផ្ទះដ៏សកម្មបាន១សម្បុក ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ ស្រាវជ្រាវតាមប្រម៉ាញ់ក្រុមចោរលួចម៉ូតូ និងគាស់ផ្ទះ យ៉ាងសកម្មបាន១សម្បុក សរុបចំនួន៤នាក់ និងបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។

ប្រតិបត្តិការច្បាមមុខសញ្ញាខាងលើនេះបានធ្វើឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះល្វែងសង់ទុកចោលចំនួន១២ល្វែង ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការណ៍ខាងលើដឹកនាំកម្លាំងមូលដ្ឋានដោយលោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។

លោក ភា ប្រុស បានឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ មាន សុភ័ក្រ អានឿន អាយុ២៨ឆ្នាំ ស្នាក់ផ្ទះល្វែងដែលគេទុកចោល,ទី២.ឈ្មោះ ឆិល អូន អាយុ២៦ឆ្នាំ ,ទី៣.ឈ្មោះ ហោម ផន អាយុ២៨ឆ្នាំ និងទី៤. ឈ្មោះ សុខ វិបុត្រ អាយុ២៦ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នា ។

តាមចម្លើយរបស់ជនសង្ស័យទាំងអស់នេះ គឺជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគារ ខណៈដែលចេញពីពន្ធនាគារវិញនោះ ក៏បានធ្វើសកម្មភាពលួចគាស់ផ្ទះជាច្រើនលួចម៉ូតូជាច្រើនករណីក្នុងនោះរួចបានម៉ូតូចំនួន ១៥ គ្រឿងនិងរបស់របរទ្រព្យសម្បត្តិមានតម្លៃជាច្រើនទៀតផងដែរ។

បន្ទាប់ពីមានប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹងជាច្រើនករណីនោះ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យធ្វើការស្រាវជ្រាវរហូតតាមប្រមាញ់ក្រុមចោរលួចម៉ូតូនិងទ្រព្យសម្បត្ដិប្រជាពលរដ្ឋគាស់ផ្ទះបានមួយសម្បុកតែម្ដងសរុប ៤ នាក់ និងបក្ខពួកផ្សេងទៀតកំពុងតែរត់គេចខ្លួន និងដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពជាច្រើនផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញប៉ុស្តិ៍កាកាបទី២ កំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់