កណ្តាលៈ កាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានបុកអ្នកថ្មើរជើងម្នាក់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅក្នុងស្រុកអង្គស្នូល ខេត្តកណ្តាល។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិស្រះសង្គម ឃុំ ពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ចន្លោះគីឡូមែត្រ២៥ និង២៦។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក (បើករត់គេចខ្លួនបាត់) បើកបរក្នុងទិសខាងលិចទៅទិសខាងកើត ( ព្រះសីហនុ ទៅភ្នំពេញ) លុះដល់ចំណុចខាងលើបានទៅបុកមនុស្ស១នាក់ ភេទប្រុសអាយុប្រហែល៣៥ឆ្នាំ សម្បុរស្រអែម កំពស់១,៥៧ម៉ែត្រ ស្លៀកខោជើងវែងពណ៌ប្រផេះ អាវដៃវែងពណ៌ពងក្រសា សក់ស្លូត ខ្លីពណ៌ទង់ដែង ពាក់មួកកន្តិបពណ៌ស (ពុំមានអត្តសញ្ញាណអ្វីជាប់ក្នុងខ្លួនទេ) ដើរនៅលើទ្រូងថ្នល់ភាគខាងជើងទៅទិសខាងលិចរួច ឆ្លងថ្នល់ពីជើងទៅត្បូង ក៏ត្រូវរថយន្តបុកនិងកិនស្លាប់នៅកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចខ្លួនទៅទិសខាងកើតបាត់។
ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត បើកខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿន ចំំណែកជនរងគ្រោះបានដើរនៅលើទ្រូងថ្នល់ និងឆ្លងថ្នល់មិនបានប្រុងប្រយ័ត្ន។ ក្រោយពេលវាស់វែងរួចសពត្រូវបានយកទៅរក្សាទុកនៅវត្តភូមិថ្មី រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារសព៕
https://youtu.be/SG7URkIwazg
មតិយោបល់