ព័ត៌មានជាតិ

​អ្នកដែលចូលចិត្តហូបសូមប្រយ័ត្ន! ​សមត្ថកិច្ចរកឃើញ​សាច់ប៉ាតេ ឈាមជ្រូក មានសារធាតុគីមី និងតៅហ៊ូកំប៉ុងខូចគុណភាព នៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារច្បារអំពៅ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារជម្ពូវ័ន និងផ្សារស៊ិនជូរីផ្លាហ្សា។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងសមុទ្រ ប្រហិតគ្រប់មុខ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ ប្រហុកផ្អក ត្រីប្រា ម៉ាំល្ហុង ផ្អកត្រីឆ្ពិន តៅហ៊ូ ឈាមជ្រូក សាច់ប៉ាតេ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

​ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីនៅលើគំរូផលិតផលម្ហូបអាហារសាច់ប៉ាតេ ឈាមជ្រូក ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួនសរុប ៤៧ គីឡូក្រាម និងទំនិញតៅហ៊ូ កំប៉ុងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២០ កំប៉ុង។
មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលបានឱ្យម្ចាស់ផលិតផលម្ហូបអាហារ និងទំនិញខាងលើ ធ្វើកិច្ចសន្យាបញ្ឈប់ការទទួលលក់ជាបណ្តោះអាសន្ន។

ទន្ទឹមនឹងនេះដែរ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល ធ្វើការណែនាំដល់អាជីវករផ្សេងទៀត អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់