ព័ត៌មានជាតិ

រថយន្តបែន ពន្លះរម៉កពេញទំហឹង ស្លាប់ម្នាក់ផុយៗ និងម្នាក់ទៀតរបួសធ្ងន់!

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តបែន បានបុកជាមួយរម៉ក​មួយគ្រឿងទៀត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទី រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តបែន ម៉ាក Howosinotruk ពណ៌ក្រហម​ គ្មានស្លាកលេខ បានបុកជាមួយនឹងរម៉កម គ្មានស្លាកលេខ ដែលកំពុងជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា ទី១ឈ្មោះ ស៊ឹម សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក និងទី២ឈ្មោះ អ៊ុក សុខា ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាផ្សារដែក ពេញទំហឹង បណ្តាលឲ្យភាគីខាងរម៉កស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់តែម្តង។ ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តនិងរម៉កទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត។ ចំណែកសព បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់