ព័ត៌មានជាតិ

ស្ទាវឈាមរាវ! ឌឺដងចុះឡើង កាប់គ្នាស្លាប់និងរបួសជាច្រើននាក់!

បាត់ដំបង: នៅវេលាម៉ោង៨និង១៤នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១ ភូមិរាមគន់ ឃំុគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានជនសង្ស័យ១ក្រុម មានគ្នាពី២ទៅ៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំបិតនិងចបជីក បានធ្វើសកម្មភាព កាប់និងវាយទៅលើឈ្មោះ ណែម ធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងស្រុកមោងឫស្សី បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ និងរបួស បក្ខពួកជនរងគ្រោះ២នាក់ទៀត ទី១ឈ្មោះ ទឿប ភន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ (របួសស្រាល) និងទី២ឈ្មោះ មឿត រឿ ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ (របួសស្រាល) ដែលផ្តើមចេញពីមូលហេតុ ឌឺដងដាក់គ្នា ខណ:ពេលក្រុមម្ខាងទៀតជិះម៉ូតូកាត់មុខ។

ជាក់ស្តែងនៅនឹងកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញម៉ូតូ៤គ្រឿង រួមមាន​ ម៉ូតូស្កុបពី ១គ្រឿង ពណ៌ព្រីងទុំ លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1C A-1301 ,ម៉ូតូ និច ១គ្រឿង ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-3471 ,ម៉ូតូ គប់ ពណ៌ខៀវ (ចាស់) គ្មានស្លាកលេខ និងម៉ូតូ ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W-7324 និងចប ជីក១។

បច្ចុប្បន្នសាកសព ខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកមោងឫស្សី។ចំណែកជនដៃដល់ កំពុងបើកការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

មតិយោបល់