ព័ត៌មានជាតិ

កងទាហាន​​ម៉ារីន​ឥណ្ឌា​ទើបតែ​ទទួល​បាន​នាវា​មុជទឹក​បរមាណូ​ពីរុស្ស៊ី​

នៅ​​ញឯមូលដ្ឋាន​​ទ័ព​​ម៉ារីន​​ឥណ្ឌាវិញនោះ​ បានរៀបចំ​ពិធី​​ប្រគល់​នាវា​​មុជទឹក​​រុស្ស៊ី​មួយ​គ្រឿង​ ធុន​ K-152​ “Nerpa”​​ ដែល​​ត្រូវ​​កង​​កម្លាំង​​ជើង​​ទឹក​​ឥណ្ឌា​ប្រសិទ្ធិ​នាម​​ទៅ​​ដោយ​​ឈ្មោះ​ ថា “ចក្រា”​ ដើម្បី​​ភាគី​​ឥណ្ឌា​​ជួល​​ប្រើប្រាស់​​សម្រាប់​​អំឡុង​​​​​ពេល​​១០​​ឆ្នាំ​ ក្នុង​​តម្លៃ​​៦៥០​​លាន​​ដុល្លារ។​

នាវាមុជទឹករុស្ស៊ីនេះ​ ត្រូវបានចាប់ផ្តើមសង់ឡើងនៅឆ្នាំ១៩៩១។ លុះ៥ឆ្នាំក្រោយមក ការ​សាង​​សង់វា ក៏ត្រូវផ្អាកទៅវិញ មកពីបញ្ហាថវិកា។ ប៉ុន្តែ ក្រោយពីមានការសម្រេចចិត្តថា វា នឹង​ត្រូវ​ប្រគល់ទៅឲ្យឥណ្ឌាជួលប្រើប្រាស់ ស្ថាបនកម្មនោះ ក៏បន្តឡើងវិញដែរ។

ហើយកាលពីខែធ្នូឆ្នាំទៅមិញ ការល្បងពិសោធអំពីគុណភាពវា បានប្រព្រឹត្តទៅចប់សព្វគ្រប់។ រួចនៅថ្ងៃ២១កុម្ភៈកន្លងទៅ នាវាមុជទឹកបរមាណូរុស្ស៊ីនេះ ផ្ទុកទៅដោយក្រុមអ្នកបើកបរឥណ្ឌា និងពួកអ្នកឯកទេសរុស្ស៊ី បានយាត្រា ចេញពីការដ្ឋាននៅឯចុងបូព៌ារុស្ស៊ី ឆ្ពោះទៅ​ឥណ្ឌា​តែ​ម្តង។​

តាមដែលទីភ្នាក់ងារពត៌មានរុស្ស៊ី Interfax លម្អិតឲ្យដឹង ថ្លៃដែលឥណ្ឌាជួលប្រើប្រាស់នាវានេះ សម្រាប់អំឡុងពេល១០ឆ្នាំ គឺចុះមកនៅត្រឹម៦៥០លានដុល្លារប៉ុណ្ណោះទល់នឹង៩០០លានដុល្លារ ដែលភាគីរុស្ស៊ី ចង់បានពីដើមទី។

ឥណ្ឌាសព្វថ្ងៃ មានតែនាវាមុជទឹកដែលដើរ ដោយថាមពល Diesel និងអគ្គិសនី។ មកពី មូល​ហេតុ​នេះហើយ បានជា ឥណ្ឌាកំពុងសាងសង់ឡើងជានាវាមុជទឹកដែលនឹងដើរដោយថា​ម​ពល​បរមាណូ របស់ខ្លួនផ្ទាល់តែម្តង។ ដូច្នេះ តាមមតិពួកអ្នកជំនាញការ នាវាមុជទឹកបរមាណូរុស្ស៊ី ពិតជា​មាន​ប្រយោជន៍ សម្រាប់ភាគីឥណ្ឌាសិក្សាដកពិសោធន៍។

ឈ្មោះថា”ចក្រា” ធ្លាប់បានត្រូវឥណ្ឌា ប្រសិទ្ធិនាម ដល់នាវាមុជទឹកបរមាណូរុស្ស៊ីទៅហើយ កាលពី ជំនាន់សហភាពសូវៀត ដែលកាលនោះស្ថិតនៅចន្លោះពីឆ្នាំ១៩៨៤ ដល់១៩៨៩ បានផ្ទេរទៅឲ្យឥណ្ឌាជួល
ប្រើប្រាស់ គឺនាវាមុជទឹកបែបនេះស្រករទី២ ដែលបំពាក់ទៅដោយ កាំជ្រួចបណ្តែត ហៅថា Cruise ព្រមទាំង ដោយគ្រាប់បែកបុក និង គ្រាប់មីនបណ្តែតតាមផ្ទៃទឹក សម្រាប់ប្រយុទ្ធទល់ នឹង នាវាមុជទឹក ក៏ដូចជា នាវាលើទឹក។

ចំណែកនាវាមុជទឹកបរមាណូរុស្ស៊ីលើកនេះ គឺបំពាក់តែដោយ គ្រាប់បែកបុក និង គ្រាប់មីន បណ្តែតតាមផ្ទៃទឹក ប៉ុណ្ណោះ៕

បើនិយាយក្នុងន័យទូលំទូលាយ កងទ័ពឥណ្ឌា ប្រដាប់ក្នុងភាគច្រើនលើសលុប គឺទៅដោយ សព្វាវុធ របស់រុស្ស៊ី។ ក្នុងពិព័រណ៍អាវុធអន្តរជាតិ “DefExpo-2012” ដែលទើបចប់ទៅពេលថ្មីៗ ក្នុងក្រុង New Delhi ប្រធានគណៈប្រតិភូ នៃក្រុមហ៊ុនរដ្ឋរុស្ស៊ី ខាងលក់អាវុធទៅក្រៅ ហៅកាត់ ថា RosOboronExport បានលើកយកតួលេខមកបង្ហាញថា ៖ពីក្នុងបទបញ្ជាទិញអាវុធរុស្ស៊ី សរុបទៅក្នុងទឹកប្រាក់ ៣៥.០០០លានដុល្លារ មានដល់ទៅ ១១.០០០លានដុល្លារ ដែល​ធ្លាក់​ទៅ​លើឥណ្ឌា៕

ប្រែសម្រួលដោយ៖ បុរ​សដំណឹង

 

មតិយោបល់