ភ្នំពេញៈ ម៉ូតូដែលគេទុកសម្រាប់ដឹកប្រេងសាំងយកទៅឲ្យម៉ូយជាច្រើនប៊ីដុង ក្នុងពេលដែលបើកបរក្នុងល្បឿនលឿនដើម្បីយកប្រេងសាំងទៅឲ្យម៉ូយ ខណៈដែលកំពុងបើកសុខៗស្រាប់តែភ្លាត់ស្នៀត បណ្ដាលឲ្យដួលជាប់ហ្គ្រ៊ែររោទិ៍ម៉ាស៊ីនខ្លាំង ហើយបានឆ្លងចរន្តបែកផ្កាភ្លើងបណ្តាលឲ្យឆេះតែម្តង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង៥និង២៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខវត្តទួលសុភាឃួន ខាងលិចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូដែលឆេះនោះ ម៉ាកស៊ីទីសេ១០០កូរ៉េ ពណ៌ខ្មៅ អត់ស្លាកលេខ ដឹកប្រេងសាំងជាច្រើនប៊ីដុង បើកដោយយុវជនម្នាក់ឈ្មោះចុន ចំរើន អាយុ១៩ឆ្នាំ មុខរបរកម្មករស្ថានីយ៍ប្រេងឥន្ធនៈមួយ និងស្នាក់នៅក្នុងបុរីសន្តិភាព២ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសស្រាល ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុយុវជននោះបានបើកបរម៉ូតូខាងលើដឹកប្រេងសាំងជាច្រើនប៊ីដុង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ចេញពីស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើបានភ្លាត់ស្នៀត បណ្ដាលឲ្យដួលធ្វើឲ្យម៉ូតូនេះជាប់ហ្គ្រ៊ែររោទិ៍ម៉ាស៊ីនយ៉ាងខ្លាំងរហូតឆ្លងចរន្ត បែកផ្កាភ្លើងបង្កជាអណ្ដាតភ្លើងឆាបឆេះឡើងតែម្តង៕
មតិយោបល់