ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចណ៍ដែលបង្កឲ្យម្តាយនិងកូនរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវលំ ត្រង់ចំណុចផ្លូវខ្វែង ខាងត្បូងវត្តស្រះស្រង់ ស្ថិតក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះម្នាក់ឈ្មោះ ម៉ក់ នី អាយុ៣២ឆ្នាំ មុខរបរលក់ខោអាវ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FL-4244 ធ្វើដំណើរពីត្បូងទៅជើង និងមានឌុបកូនប្រុសម្នាក់ឈ្មោះ គ្រី សុខា អាយុ៦ឆ្នាំ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ។ លុះពេលដែលមកដល់ត្រង់ចំណុចកើតហេតុក៏មានរថយន្តបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បានជិះវ៉ាជែងរថយន្តផ្សេងទៀតក៏ជ្រុលទៅបុកម៉ូតូស្ត្រីរងគ្រោះពេញទំហឹងបណ្តាលឲ្យខ្ទាតជាច្រើនម៉ែត្រ។
ប្រភពដដែលបានបន្តទៀតថាភ្លាមៗនោះរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្ត្រីរងគ្រោះដែលរងរបួសបាក់ដៃឆ្វេង និងសន្លប់ រីឯកូនប្រុសសន្លប់ធំសល់ត្រឹមដង្ហើមចង្រិតតែប៉ុណ្ណោះ។ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ដោយសាររងរបួសធ្ងន់៕
មតិយោបល់