ភ្នំពេញៈ ក្រោយពីបើកសវនការអស់ជាច្រើនលើករួចមក នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះលោកស្រី ស លីនណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសបុរសជាជនជាតិចិន២នាក់ ទី១ឈ្មោះ ជីង ពិលឈាំង អាយុ ៤៥ឆ្នាំ និងទី២ឈ្មោះ យ៉ាង លីស៊ុន អាយុ ៤៤ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេលក្នុងម្នាក់ៗ ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៥លានរៀល ដោយលើកលែងបទចោទប្រកាន់ពីបទ ផលិត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មកបទរក្សាទុកគ្រឿងញៀន វិញ ប្រព្រឹត្តនៅថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបន្ទប់លេខ៥០៧ ៥១៥ ៣៦១ និងបន្ទប់លេខ ៥៦៥ សណ្ឋាគារសុខា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
លោកស្រីចៅក្រមបានបញ្ជាក់ថា ការដែលតុលាការសម្រេចកែប្រែបទចោទលើជនជាប់ចោទទាំង២នាក់ខាងលើ ព្រោះតែប្រភេទម្សៅក្រាម ដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលចុះបង្ក្រាបគ្មានប្រតិកម្មជាគ្រឿងញៀនក្នុងពេលពិសោធន៍នោះទេ។
ប៉ុន្តែលោក អ៊ីវ ភារិទ្ធ ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងប្រតិបតិការណ៍បង្ក្រាបក្រុមជួញដូរគ្រឿងញៀនចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នោះ សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនបានជនសង្ស័យជិត១០នាក់ និងដកហូតបានគ្រឿងញៀនជាម្ស៉ៅក្រាម ប្រភេទមេតំហ្វេតាមីន ប្រមាណជាជាង៤គីឡូក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀនផងដែរ។
ពាក់ព័ន្ធនឹងការសម្រេចទោសខាងលើនេះ លោក ចែ សុង តំណាងអយ្យការបានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនប្តឹងឧទ្ធរណ៍ទាស់នឹងសេចក្តីសម្រេចរបស់លោកស្រីចៅក្រមខាងលើនោះទេ ព្រោះលោកយល់ថា វាជាការសម្រេចត្រឹមត្រូវ៕
https://youtu.be/TrnjhX0qHTQ
មតិយោបល់