ព័ត៌មានជាតិ

ជនជាតិចិន០២នាក់ ឈ្លោះប្រកែកគ្នាលើទូកទេសចរណ៍ លោតចូលទឹកទន្លេបាត់ខ្លួនម្នាក់

ភ្នំពេញៈ ជនជាតិចិនប្រុសស្រីចំនួន០២នាក់ បានជួលទូកទេសចរណ៍មួយគ្រឿង ជិះកម្សាន្តតាមដងទន្លេ មកដល់ពាក់កណ្តាល ស្រាប់តែឈ្លោះប្រកែកគ្នានៅលើទូក បណ្តាលឲ្យនារីលោតចូលទៅក្នុងទឹកទន្លេបាត់ខ្លួន បន្ទាប់មកក៏បុរសនោះ លោតទៅតាមក្រោយ ត្រូវម្ចាស់ទូកជួយបានបុរសម្នាក់ស្រង់យកមកលើគោក ចំណែកនារីរងគ្រោះបានលេចទៅក្នុងទឹកទន្លេបាត់ស្រមោល ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមការបញ្ជាក់ពីម្ចាស់ទូក បានឲ្យដឹងថា ដំបូងឡើយមានជនជាតិតចិនប្រុសស្រីចំនួន០២នាក់ បានមកជួលទូករបស់គាត់ ជិះកម្សាន្តលេងនៅតាមដងទន្លេ ហើយគាត់ក៏បានបើកទៅដល់ត្រើយម្ខាង រួចក៏បានវិលត្រឡប់មកវិញ ។ ខណៈដែលបើកមកដល់ ពាក់កណ្តាលទន្លេ ស្រាប់តែជនជាតិចិន០២នាក់នោះ បានឈ្លោះប្រកែកគ្នានៅលើទូក បន្ទាប់មកនារីរងគ្រោះ បានលោតពីលើទូក ទៅក្នុងទន្លេមុន រួចក៏បុរសជនជាតិចិន បានលោតទៅតាមក្រោយ ។ ភ្លាមៗនោះ ខាងម្ចាស់ទូក បានព្យាយាមជួយសង្រ្គោះ បានតែបុរសម្នាក់ស្រង់មកលើគោកវិញ រីឯនារីរងគ្រោះបានលិចបាត់ខ្លួន ។

ក្រោយពេលកើតហេតុ ម្ចាស់ទូកបានបើកមកចតនៅច្រាំង រួចក៏រាយការណ៍ទៅសមត្ថកិច្ចខណ្ឌដូនពេញ ដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ បន្ទាប់មកក៏មានបងប្អូនខាងបុរស ជាជនជាតិចិនមកយកទៅផ្ទះវិញ ៕

មតិយោបល់