ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងថ្នាំញៀន ១៨កញ្ចប់

ភ្នំពេញ: ជនសង្ស័យ ០២នាក់ និងថ្នាំញៀន ១៨កញ្ចប់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយនិងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចផ្លូវបេតុងម្តុំវត្តនីរង្សី ក្រុមទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង ០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ វី ថារ៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ និងទី២ ឈ្មោះ រស់ សារិន ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ។

លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា មុនដំបូងកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការជិះល្បាតជុំវិញមូលដ្ឋាន ខណ:ពេលនោះ កម្លាំងសមត្ថកិច្ចយើងបានឃើញជនសង្ស័យ ០២នាក់ និងបានធ្វើការឆែកឆេររកឃើញប្រភេទម្សៅក្រាមពណ៌សថ្លា ១៨កញ្ចប់ និងសម្ភារ:សម្រាប់ជក់មួយចំនួន ។

លោក ណយ ច័ន្ទណារ័ត្ន បានបន្តថា ដោយសារតែមានបទបញ្ជាផ្ទាល់ពីលោក ទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ បាន ឲ្យកម្លាំងសមត្ថកិច្ចទាំង ០៦ប៉ុស្តិ៍នៃខណ្ឌឫស្សីកែវ ជំរុញការរឹតបន្តឹងទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ព្រមទាំងធ្វើការត្រួតពិនិត្យលើមធ្យោបាយធ្វើដំណើរទាំងអស់គ្នា និងជិះល្បាតជុំវិញមូលដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវលំ និងផ្លូវលេខ៥៩៨ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងមូល។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕

មតិយោបល់