ភ្នំពេញៈ រថយន្តបែនដឹកថ្ម១គ្រឿង ខណៈដែលបើកបរក្នុងល្បឿនលឿនទៅដល់ជិតរង្វង់មូលកួរស្រូវ ហើយបត់បួងចង្កូតខ្លាំងពេក ក៏បានក្រឡាប់សង្កត់លើស្ត្រីម្នាក់រួមដំណើរជាមួយនិងប្តីដែលជិះម៉ូតូ សេ១០០កូរ៉េ១គ្រឿងកំពុងឈប់ទិញ ទឹកសុទ្ធ បណ្ដាលឲ្យស្រ្តីរូបនោះរងរបួសដាច់ប្រអប់ជើងម្ខាង រីឯប្តីរបស់គាត់រងរបួសធ្ងន់ បន្ទាប់មកអ្នកបើកបររថយន្តបង្កបានលូនចេញពីក្នុងរថយន្តប្រុងរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលដែលប្រចាំការនៅគោលដៅជិតនោះ ធ្វើការចាប់ខ្លួនបាននាំយកទៅធ្វើការសាកសួរនៅប៉ុស្ដិ៍ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទី១២ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្រ្តីរងគ្រោះនិងប្តីមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ រងរបួសដាច់ប្រអប់ជើងម្ខាង ជិះម៉ូតូ១គ្រឿងម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ1A-2042។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-9368 បើកបរដោយឈ្មោះ ឃុន វិបុល ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងថ្ម ឃុំរបើក ស្រុកឈូក ខេត្តកំពត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូទៅឈប់ទិញទឹកសុទ្ធផឹកនៅក្បែរចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុ ខណៈនោះស្រាប់តែរថយន្តបង្កបានបើកបរក្នុងល្បឿនយ៉ាងលឿនពីលិច ទៅកើតទៅដល់ ហើយដោយបានបត់ក្រឡឹងតាមរង្វង់មូល រួចក៏បានក្រឡាប់សង្កត់លើជើងស្រ្តីរងគ្រោះ បណ្ដាលឲ្យដាច់ប្រអប់ជើងម្ខាងតែម្ដង។ ខណៈនោះអ្នកបើកបររថយន្តមិនបានរងរបួសនោះទេ ហើយបានលូនចេញពីក្នុងរថយន្តប្រុងរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលគោលដៅក្បែរនោះក្របួចជាប់រួចបាននាំទៅសាកសួរនៅប៉ុស្ដិ៍តែម្ដង។
ក្រោយពេលកើតហេតុ មានការកកស្ទះចរាចរណ៍ផងដែរ ដោយសារតែរថយន្តបានក្រឡាប់នៅកណ្ដាលផ្លូវ ហើយភ្លាមៗនោះកម្លាំងនគរបាលចរាចរខណ្ឌដង្កោ បានចុះទៅសម្រួលនិងស្ទូចយករថយន្តនោះចេញពីកន្លែងកើតហេតុ ព្រមទាំងនាំយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ទើបលែងមានការកកស្ទះ ហើយរថយន្តបង្កនិងអ្នកបើកបរ ព្រមទាំងម៉ូតូសេ១០០កូរ៉េ ត្រូវនគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នា៕
https://youtu.be/NCn5aJXCRhM
មតិយោបល់