ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តទៅបុកម៉ូតូពីក្រោយ របួសម្នាក់

ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ បានបើករថយន្តរេចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាត ដែលកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខចំណតរថយន្តតាក់ស៊ីរបស់ក្រុមហ៊ុនឆយ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់បើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FJ-6793 ដោយធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់ចតម៉ូតូនិយាយទូរស័ព្ទនៅលើចិញ្ចើមផ្លូវ ហើយបុរសដែលអង្គុយពីក្រោយក៏បានចុះពីលើម៉ូតូតែម្នាក់ឯង ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក FUSO ពណ៌ស ជាប្រភេទដឹកទំនិញ៥ភ្លៅ ពាក់ស្លាកលេខភ្នំពេញ 3D-5340 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ មកពីក្រោយក្នុងល្បឿនយ៉ាងលឿន រួចក៏រេចង្កូតទៅខាងស្តាំជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ រីឯអ្នកបើកម៉ូតូរងរបួសសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯកគ្លីនិកឯកជន។
ភ្លាមៗនោះរថយន្តបង្ក មិនបានឈប់ដើម្បីចុះមកធ្វើការដោះស្រាយគ្នានោះទេ គឺព្យាយាមបើករត់គេចខ្លួន ទៅមុខតែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានជួយជិះម៉ូតូដេញតាមពីក្រោយ រហូតទៅដល់ខាងមុខក្រុមហ៊ុន ឆាយ ជឺយ៉ុង លក់ថ្មម៉ាប តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបអាចស្ទាក់ឃាត់រថយន្តបង្ក រួចចាប់ប្រគល់ទៅឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តរួមទាំងអ្នកតាកុងទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំធ្វើការដោះស្រាយគ្នា តាមនិតិវិធីច្បាប់៕

មតិយោបល់