ព័ត៌មានសុខភាព

អត្ថប្រយោជន៍មិននឹកស្មានដល់៦យ៉ាង នៃជីវ៉ាន់ស៊ុយ

ជីវ៉ានស៊ុយ គឺជាគ្រឿងទេសដ៏ពេញនិយមមួយប្រភេទដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗឲ្យកាន់តែមានរស់ជាតិឈ្ងុយឆ្ងាញ់។ ប៉ុន្តែក្រៅពីជាគ្រឿងទេសដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារ ជីវ៉ាន់ស៊ុយ ក៏ផ្តល់អត្ថប្រយោជន៍យ៉ាងធំសម្បើមសម្រាប់សុខភាព ហើយអាចព្យាបាលជំងឺមួយចំនួនផងដែរ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ជីវ៉ាន់ស៊ុយ ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ៦យ៉ាង ដែលមនុស្សគ្រប់គ្នានឹកស្មានពុំដល់ឡើយ។

ព្យាបាលជំងឺទឹកនោមផ្អែម
ជីវ៉ាន់ស៊ុយ សម្បូរទៅដោយសារជាតិ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម ហើយរក្សាតុល្យភាពនៃការផលិតអាំងស៊ុយលីនសម្រាប់អ្នកជំងឺទឹកនោមផ្អែម ។

ព្យាបាលជំងឺសន្លាក់
ជំងឺសន្លាក់ គឺជាជំងឺមួយដែលធ្វើឲ្យមានការឈឺចាប់តាមសន្លាក់ឆ្អឹង និងពិបាកក្នុងការធ្វើចលនា ជាពិសេសមនុស្សដែលមានវ័យចំណាស់។ ក៏ប៉ុន្តែជីវ៉ាន់ស៊ុយ ត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយអង់ទីអុកស៊ីដង់ ដែលអាចជួយជំរុញដល់លំហូរឈាមទៅកន្លែងឈឺចាប់ និងឆ្អឹងខ្ចី ដូច្នេះជំងឺសន្លាក់នឹងត្រូវបានជាសះស្បើយដោយធម្មជាតិ។

កាត់បន្ថយការឈឺចាប់
ស្រដៀងគ្នាទៅនឹងការបំបាត់ការឈឺសន្លាក់ឆ្អឹងដែរ ជីវ៉ាន់ស៊ុយ មានសមត្ថភាពអាចកាត់បន្ថយការរលាកផ្សេងទៀតនៃរាងកាយ។ ដូច្នេះការឈឺចាប់នឹងត្រូវកាត់បន្ថយ ដោយសារតែលក្ខណៈសម្បត្តិប្រឆាំងនឹងការលាករបស់វា។

ព្យាបាលជំងឺក្រួសក្នុងតម្រងនោម
ក្រួសក្នុងតម្រងនោម បង្កមកពីសារធាតុរាវរ៉ែ និងកាកសំណល់ដែលប្រមូលផ្តុំនៅក្នុងតម្រងនោម បង្កទៅរឹងដូចដុំថ្ម។ នៅពេលដែលក្រួសនេះកាន់តែធំបន្តិចម្តងៗ ការឈឺចាប់នឹងកើតមានឡើង រហូតមានអ្នកខ្លះឈឺសឹងតែទ្រាំពុំបាននៅម្តុំកណ្តៀតក្អម។ ទោះជាយ៉ាងណា ជីវ៉ាន់ស៊ុយ មានសមត្ថភាពអាចសម្អាតកាកសំណល់មិនឲ្យបង្កទៅជាក្រួស និងជួយកាត់បន្ថយហានិភ័យនៃក្រួសក្នុងតម្រងនោម។

បង្កើនប្រព័ន្ធភាពស៊ាំ
ជីវ៉ាន់ស៊ុយ សម្បូរទៅដោយអង់ទីអុកស៊ីដង់ និងប៉ូតាស្យូមដែលអាចជួយពង្រឹងរាល់កោសិការបស់រាងកាយ និងពង្រឹងប្រព័ន្ធភាពស៊ាំជួយប្រយុទ្ធប្រឆាំងការយារយីពីជំងឺផ្សេងៗ។

បង្ការជំងឺមហារីក
ការសិក្សាមួយចំនួនបានរកឃើញថា អង់ទីអុកស៊ីដង់ និងសារធាតុ flavonoids ដែលត្រូវបានគេរកឃើញនៅក្នុងជីវ៉ាន់ស៊ុយ អាចជួយទប់ស្តាត់ប្រភេទនៃជំងឺមហារីកទូទៅមួយចំនួន ដោយកាត់បន្ថយការលូតលាស់ និងការបង្កើនកោសិកាមហារីកនៅក្នុងខ្លួន៕

ប្រភព៖ boldsky

មតិយោបល់