ព័ត៌មានជាតិ

ឌ្រីមប៉ះឌ្រីម​ មានអីរបួស៣នាក់ ផ្អើលទាំងយប់!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានម៉ូតូ​ឌ្រីម២គ្រឿង បុកគ្នាពេញទំហឹង ក្នុងទិសដៅបញ្ច្រាស​គ្នា​ បណ្តាលឲ្យភាគីទាំងសងខាង និងអ្នករួមដំណើរម្នាក់ រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើង ​កាលពីថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ នៅត្រង់ផ្លូវជាតិលេខ៣ ​គីឡូម៉ែត្រ៧២-៧៣ ​ភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

​ជនរងគ្រោះមានឈ្មោះ អ៊ឹម អេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ​(របួសធ្ងន់) ស្នាក់នៅភូមិអង្គតានូ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ​បើកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ-2914 និងអ្នករួមដំណើរមិនចាំឈ្មោះរបួសស្រាល។ ចំណែក​ជនបង្កមានឈ្មោះ ស៊ុម វី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ(​របួសធ្ងន់) ស្នាក់នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បើកម៉ូតូឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JH-9712​។ ​

ក្រោ​យកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាង​មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកអ្នករងរបួសទាំង៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់