ភ្នំពេញៈ មន្រ្តីកាំកុងត្រូលសាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួលការិយាល័យប្រមូលចំណូល និងទីផ្សារ បានសហការជាមួយមន្រ្ដីនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្រ្តីតំណាងផ្សារទឹកថ្លា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យផលិតផលចំណីអាហារ សាច់ បន្លែ ផ្លែឈើ ប្រហិត ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ឆាយ ថូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផល ចំណីអាហាររួមមាន សាច់គោ សាច់ក្រក ប្រហិត ផ្លែឈើគ្រប់ប្រភេទចំនួន៣៩មុខ ហើយបានយកគំរូ មកធ្វើការវិភាគនៅបន្ទប់ពិសោធន៍ចល័ត តាមរថយន្តចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។
ជាលទ្ឋផលរកឃើញសារធាតុគីមីហាមឃាត ហ្វ័រម៉ាលីន (formalin) មានដាក់នៅក្នុងមឹកបំពង់ ដោយសមត្ថកិច្ចបានដកហូតបានចំនួន៤គីឡូក្រាម រួមទាំងបានណែនាំ ក៏ដូចជាធ្វើកិច្ចសន្យា ជាមួយអ្នកលក់ឲ្យបញ្ឈប់ការប្រើប្រាស់សារធាតុគីមី (formalin)នេះ តទៅទៀត ។
លោកអនុប្រធានបានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាសយដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬធ្វើវិក្កយបត្រទូទាត់ឲ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូល ក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។
ក្រៅពីចុះត្រួតពិនិត្យ លោក ឆាយ ថូនី បានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនិញ និងផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕
មតិយោបល់