Post News Media ព័ត៌មានជាតិ លាន់ដូចរន្ទះ ...

លាន់ដូចរន្ទះ ស្លាប់និងរបួសធ្ងន់៤នាក់ នៅខេត្តតាកែវ!

តាកែវ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៤៥នាទី យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៣ ភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DO-5557 បើកបរដោយឈ្មោះ ហ៊ិន បឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងត្បូង លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-4624 បើកបរដោយឈ្មោះ ខេង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ឌុបមនុស្ស២នាក់ទៀតនៅពីក្រោយ (របួសធ្ងន់ទាំង២នាក់) បើកបរមកពីទិសខាងជើង យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់តែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕