កណ្តាល: ជនសង្ស័យជាកូនអកតញ្ញូម្នាក់ ទើបចេញពីពន្ធនាគារបានពីខែប៉ុណ្ណោះ ពីបទ«ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា» តាមដីកាបង្កាប់អោយដោះលែងរបស់លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានប្រើអំពើរហិង្សាវាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ និងព្យាយាមប៉ុនប៉ងវាយឪពុកខ្លួនឯង ត្រូងនគរបាលស្រុកស្អាង ចាប់វាយខ្នោះ។
ហេតុការណ៍នេះនៅថ្ងៃចន្ទ័១៤ រោច ខែបុស្សឆ្នាំ រកា នព្វសក័ព-ស២៥៦១ត្រូវថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨វេលាម៉ោង៤និង៤០នាទីល្ងាច នៅចំណុចភូមិព្រែកគ្រួស ឃំុព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាង បានអោយដឹងថា ជនរងគ្រោះឈ្មោះ ឈាង រិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ(ជាឪពុក)។ ចំណែកជនសង្ស័យឈ្មោះ រិទ្ធ ឡៃហៀង ហៅអូនទូច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ (ត្រូវជាកូន)ស្នាក់នៅភូមិឃុំខាងលើ ។ សម្ភារៈបាត់បង់ និងខូចខាត៖ កៅអីជ័រចំនួន១ កង្ហាចំនួន១ បាក់បែកចានមួយចំនួន និងក្បាំងម៉ូតូចំនួន ១គ្រឿង ។
មុនពេលកើតហេតុ ឈ្មោះរិទ្ធិ ឡៃហៀង (ត្រូវជាកូន)បានទារលុយពីឈ្មោះឈាង-រិទ្ធ (ជាឪពុក) ដើម្បីទិញមីហូប ប៉ុន្ដែឈ្មោះឈាង រិទ្ធ បានឆ្លើយថា អត់មានលុយទេ ភ្លាមនោះឈ្មោះរិទ្ធ ឡៃហៀងបានទាត់ធុងទឹកបែកចំនួន១ ទាត់កង្ហាខូចចំនួន១ បែកចានអស់មួយចំនួន បោកបំបែកកៅអីជ័រខូចចំនួន១ និងធ្វើអោយខូចខាតក្បាំង ម៉ូតូ ១គូ បន្ទាប់មកឈ្មោះរិទ្ធ ឡៃហៀង បានប៉ុនប៉ងវាយ ឈ្មោះមៀល(ត្រូវជាជីតា) ឈ្មោះឈាង-រិទ្ធ ជាឪពុក និងឈ្មោះមៀ សុខន(ជាម្តាយ) របស់ខ្លួនទៀត ប៉ុន្តែពួកគាត់បានរត់គេចខ្លួនមិនបណ្តាលអោយរងរបួសឡើយ។
ពេលទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្ដិ៍ព្រែកអំបិល បានចុះអន្ដរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះរិទ្ធ ឡៃហៀង មកប៉ុស្ដិ៍រដ្ឋបាល ដើម្បីអនុវត្ដតាមនីតិវីធីច្បាប់ ។បញ្ជាក់៖ ឈ្មោះរិទ្ធ ឡៃហៀង ទើបត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តកណ្ដាល ពីបទ៖ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា កាលពី ២ខែមុននេះប៉ុណ្ណោះ ៕
មតិយោបល់