ព័ត៌មានជាតិ

Ford Ranger ផ្លាកលេខ ភ្នំពេញ BE-9556 បើកបុករថយន្ត និងម៉ូតូ បណ្តាលឲ្យក្រឡាប់ធ្លាក់ស្នាមភ្លោះ របួស៣នាក់

បន្ទាយមានជ័យ: នៅវេលាម៉ោង៥និង៥១នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក Ford Ranger បើកបុករថយន្ត និងម៉ូតូ ក្រឡាប់ធ្លាក់ស្នាមភ្លោះ បណ្តាលឲ្យរងរបួសចំនួន៣នាក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក Ford Ranger ពាក់ផ្លាកលេខ ភ្នំពេញ BE-9556 ពណ៌ខ្មៅ លុះបើកបរមកដល់ចំណុចកើតហេតុ បានបុករថយន្តកាម៉ារី១គ្រឿង ពណ៌ខ្មៅ ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តនេះខ្ទាតទៅបុកម៉ូតូហុងដា MSX មួយគ្រឿងទៀត ពាក់ផ្លាកលេខបាត់ដំបង 1AA-3527 ពណ៌ក្រហម បើកបរទិសដៅពីកើតទៅលិចស្របគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ភាព ផានិត ភេទអាយុ២១ឆ្នាំ រស់នៅភូមិអូរប្ញស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស ។ ចំណែកអ្នកបើករថយន្តកាម៉ារី ឈ្មោះ ជា ហេង ភេទប្រុស អាយុ៣០ឆ្នាំ បានរបួសស្រាល និងមានអ្នករួមដំណើរជាមួយម្នាក់ទៀត ត្រូវជាប្រពន្ធមានឈ្មោះ ខាត់ ស្រីពៅ អាយុ២៣ឆ្នាំ រងរបួសស្រាល, ទាំងពីរនាក់ មានទីលំនៅភូមិ២ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ដោយឡែកម្ចាស់រថយន្តបង្កម៉ាក Ford Ranger បានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ដើម្បីវាស់វែងធ្វើកំណត់ហេតុ យកវត្ថុតាងទាំង២គ្រឿងយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រោះ ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់