ក្រចេះ: ប្រជាពលរដ្ឋខ្មែរឥស្លាមមួយចំនួនដែលតាំងទីលំនៅតាមម៉ាត់ច្រាំងទន្លេមេគង្គ ក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង បានសម្រេចជម្លៀសខ្លួនចេញទៅកាន់កន្លែងសុវត្ថិភាព ខណៈដែលដីច្រាំងទន្លេកំពុងតែមានបាក់កាន់តែខ្លាំងទៅៗ។
ស្ថានភាពនៃការបាក់ដីច្រាំងទន្លេ ត្រូវបានពលដ្ឋក៏ដូចជាអាជ្ញាធរបញ្ជាក់ថា បានកើតមានធ្ងន់ធ្ងរទៅដល់លំនៅដ្ឋានរបស់ពលរដ្ឋខ្មែរ និងឥស្លាម នៅឃុំព្រែកសម៉ាន់ ស្រុកឆ្លូង ក្នុងអំឡុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ខណៈដែលស្ថានភាពភ្លៀងបានបង្អុរធ្លាក់មកខ្លាំង។
រហូតមកទល់នឹងរសៀលថ្ងៃទី១៩ ខែធ្នូ មានផ្ទះឈើប្រក់ស័ង្កសីយ៉ាងហោចមួយខ្នងផ្ទះ ត្រូវបានបាក់ស្រុតចូលក្នុងបាតទន្លេ និងមានផ្ទះជាង២០ខ្នងផ្ទះទៀតកំពុងតែយាយីដោយ ការបាក់ដី ហើយពលរដ្ឋជាម្ចាស់លំនៅដ្ឋានក៏កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលពួកគាត់បាននិងកំពុងរុះរើលំនៅដ្ឋានចេញពីតំបន់ជួរមាត់ទន្លេ ដែលកំពុងប្រឈមនឹងការបាក់ស្រុត ហើយបានស្នាក់នៅក្រោមផ្ទះអ្នកភូមិមួយរយៈ ក៏ដោយសារតែពួកគាត់មិនមានដីសម្រាប់ផ្លាស់ប្តូរទីតាំងនោះឡើយ។ យ៉ាងណាក្តី ជាមួយនឹងស្ថានភាពនេះ អាជ្ញាធរស្រុក ក៏បានស្នើឲ្យពលរដ្ឋត្រូវរុះរើលំនៅដ្ឋានទៅរកកន្លែងសុវត្ថិភាពផងដែរ រីឯពលរដ្ឋបានស្នើត្រឡប់ មកវិញឲ្យអាជ្ញាធរជួយផ្តល់ដីតំបន់ណាមួយឲ្យមកពួកគាត់ ដើម្បីរុះរើលំនៅដ្ឋានចេញទៅរស់នៅតំបន់នោះ។
ពលរដ្ឋដែលរស់នៅតំបន់បាក់ច្រាំងអំពាវនាវយ៉ាងទទួច ឲ្យអាជ្ញាធរជួយរកទីតាំងដីតំបន់ណាមួយដើម្បីឲ្យពួកគាត់បានជម្លៀសចេញ ទៅសាងសង់លំនៅដ្ឋាននៅតំបន់មានសុវត្ថិភាព។ ពួកគាត់ថា បើទោះបីជាអជ្ញាធរបាន អំពាវនាវឲ្យពួកគាត់រុះរើលំនៅដ្ឋានចេញពីតំបន់ប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក្តី ក៏ពួកគាត់នៅមិនទាន់បានរុះរើនៅឡើយទេ ដោយសារតែគ្មានទីតាំងដីណាផ្សេងពិតប្រាកដ។
ចំពោះការអំពាវនាវរបស់ប្រជាពលរដ្ឋខាងលើ អាជ្ញាធរស្រុកកំពុងតែគិតគូរ និងស្វែងរកទីតាំងសមរម្យសម្រាប់ឲ្យពួកគាត់សាងសង់ទីលំនៅឡើងវិញ ប៉ុន្តែបញ្ហាសំខាន់នៅពេលនេះគឺខាងអាជ្ញាធរសុំឲ្យពលរដ្ឋរុះរើលំនៅដ្ឋានចេញពីតំបន់ងាយរងគ្រោះជាបណ្តោះអាសន្នសិន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស។
លោក ហេង រ័ត្នម៉ូនីដា ប្រធានមន្ទីរធនធានទឹកដែលបានចុះពិនិត្យ មើលស្ថានភាពភូមិសាស្រ្តនៅតំបន់បាក់ច្រាំងនោះជាមួយលោក ងួន សេង មេឃុំព្រែក សាម៉ាន់ បានបញ្ជាក់ឲ្យដឹងថា ការបាក់ស្រុតច្រាំងទន្លេដែល បណ្តាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋទាំងអស់ខាងលើ ក៏ព្រោះតែនៅតំបន់នេះស្ថិតនៅទីតាំង ដែលខ្សែទឹកហូរបុកខ្លាំង ហើយដីកទន្លេនៅតំបន់នេះងាយនឹងបាក់ស្រុតនៅពេលដែលទឹកហូរដោយត្រូវប្រឈមនឹងការបាក់ស្រុតដីជារៀងរាល់ឆ្នាំ៕
មតិយោបល់