ព័ត៌មានជាតិ

ព្រះរាជអាជ្ញារង សេង ហៀង ដោះលែងជនសង្ស័យម្នាក់ ពាក់ព័ន្ធរឿងលួចយករថយន្តគេទៅបញ្ចាំ!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ម្សិលមិញ បានដោះលែងជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណី លួចយករថយន្តអ្នកដទៃទៅ ដាក់បញ្ចាំ។

ប្រភពដដែលបាន បន្ថែមថា ជនសង្ស័យមាន ឈ្មោះ លឹម លាងហួ ភេទប្រុស ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដោយលួចយករថយន្តម៉ាក ម៉ាក LEXUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-9053 របស់ជនរងគ្រោះម្នាក់ ជាមិត្តភក្តិទៅដាក់បញ្ចាំ។

ពាក់ព័ន្ធមូលហេតុដែលលោកព្រះរាជអាជ្ញារង សេង ហៀង សម្រេចដោះលែងជនជាប់ចោទខាងលើនេះ យើងនៅមិនទាន់អាចសុំការបញ្ជាក់ពីមូលហេតុ ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ដោយសារលោកមិនបានឆ្លើយតបនឹងសួរតាម គ្រុប Telegram ដែលបានផ្ញើជូននោះទេ។

យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ បានថា បទ រំលោភលើទំនុកចិត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ៦លានរៀល ដោយមិនទាន់រាប់បញ្ចូលសំណងនៃការខូចខាត និងសំណងជំងឺចិត្តទៅដើមបណ្តឹង។

ចំណែកមាត្រា៧នៃ ក្រមនីតិវិធីព្រហ្មទណ្ឌបាន ចែងថា មូលហេតុនៃការរលត់បណ្ដឹងអាជ្ញារួមមាន៖
-មរណៈភាពនៃជនល្មើស
-ការផុតអាជ្ញាយុកាល
-ការលើកលែងទោសជាទូទៅ
-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ
-និងអាជ្ញាអស់ជំនុំ។
កាលណាបណ្ដឹងអាជ្ញាត្រូវផុតរលត់ហើយ ការចោទប្រកាន់ខាងព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬត្រូវតែបញ្ចប់៕

មតិយោបល់