ភ្នំពេញៈ បុរសម្នាក់ដោយសារតែប្រពន្ធជិតដល់ថ្ងៃសម្រាលកូនចង់ប្តូរកន្លែងធ្វើការពេលចេញពីធ្វើការបានទៅយកអត្តសញ្ញាណប័ណ្ណនៅឯស្រុកកំណើតស្រាប់តែមានជនសង្ស័យ៣នាក់ប្រដាប់ដោយកាំភ្លើងខ្លីភ្ជង់គំរាមប្លន់ម៉ូតូ និងទូរស័ព្ទតែម្តង។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិស្នោរ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើមានឈ្មោះ សម្បត្តិ វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងភូមិវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ សម្ភារៈដែលក្រុមជនសង្ស័យប្លន់យកទៅបាត់រួមមានទូរស័ព្ទដៃ iPhone 6 ១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE -2439 ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់ទើបចេញពីធ្វើការហើយឆ្លៀតពេលទៅយកអត្តសញ្ញាណប័ណ្ណនៅឯស្រុកកំណើតដោយសាតែប្រពន្ធគាត់ពោះធំជិតសម្រាលកូន ហើយគាត់ចង់ប្តូរកន្លែងធ្វើការនៅជិតប្រពន្ធដើម្បីជួយថែទាំប្រពន្ធ ។ ខណៈជនរងគ្រោះគាត់កំពុងជិះម៉ូតូមកដល់ផ្លូវលំកន្លែងកើតហេតុដោយផ្លូវទើបនឹងឈូសឆាយថ្មីហើយទើបនឹងភ្លៀងធ្លាក់មួយមេផងនោះបណ្តាលអោយរអិល ហើយរូបគាត់ជិះម៉ូតូតិចៗស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់មានអាវុធខ្លីផងដែរជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខបានភ្ជង់គំរាមយកទូរស័ព្ទ និងអោយចុះពីលើកម៉ូតូបើមិនចុះពួកគេនឹងបាញ់សម្លាប់ចោល ធ្វើឲ្យជនរងគ្រោះភ័យខ្លាចក៏ព្រមប្រគល់ឲ្យអោយជនសង្ស័យដោយសុវត្ថិភាព ។ ភ្លាមៗនោះដែរជនរងគ្រោះដោយមិនមានទូរស័ព្ទប្តឹងសមត្ថកិច្ចទេបានដើរចេញពីកន្លែងកើតហេតុជាង១០០ម៉ែត្រដល់កន្លែងដីពុះឡូត៍ថ្មីទើបបានប្រជាពលរដ្ឋទូរស័ព្ទប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
ប្រជាពលរដ្ឋបានឱ្យដឹងបន្ថែមថា នៅមុនពេលកើតហេតុរូបគាត់បានឃើញជនសង្ស័យមានគ្នា៣នាក់ដើរចុះឡើងៗជាងកន្លះម៉ោងមកហើយ ហើយមិនដឹងដើររកអី ហើយមិនដឹងថាជាចោរប្លន់នោះឡើយ ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោរបាននាំជនរងគ្រោះទៅទទួលពាក្យបណ្ដឹងដើម្បីស៊ើបអង្កេតដើម្បីស្វែងរកមុខសញ្ញាយកមកចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់