ភ្នំពេញៈ តារាសម្ដែង និងជាពិធីករប្រចាំប៉ុស្ដិ៍លេខ៣ បានធ្វើពិធីខួបកំណើតយ៉ាងសប្បាយរីករាយនៅក្នុងក្លិបរាត្រីមួយ អមដោយមិត្តភ័ក្រ្ត និងបងប្អូន ដែលត្រូវគេប៉ាន់ស្មានថា ក៏មានវត្តមានគូស្នេហ៍របស់លោកស្ថិតនៅក្នុងពិធីនោះដែរ កាលពីយប់ថ្ងៃទី១១ ខែមិថុនា។ លោកបានបង្ហោះនៅលើហ្វេសប៊ុកថា បានទទួលខ្សែកមួយខ្សែពីសំណាក់គូស្នេហ៍នៅក្នុងថ្ងៃខួប ប៉ុន្តែលោកមិនបានបង្ហាញឲ្យឃើញថា តើក្នុងចំណោមអ្នកចូលរួមអ្នកណាជាម្ចាស់ចិត្តនោះទេ ខណៈដែលអ្នកអបអរចំពោះកាដូពិសេសរបស់លោក គឺមានទាំងបុរស និងនារី ដែលពិបាកប៉ាន់ស្មានថា អ្នកណាម្នាក់ ជាសំណព្វចិត្តពិតប្រាកដរបស់លោក។
ឆ្លើយតបនឹងការចោទសួររបស់ Post News លោក ទេព រិទ្ធីនី បានសារភាពថា ខ្លួនពិតជាមានម្ចាស់ចិត្ត ដោយម្ចាស់ស្នេហ៍របស់លោកបានទាំងពីពិធីខួបឲ្យលោកជាទ្រង់ទ្រាយមិត្តភ័ក្រ្តជិតស្និទ្ធនោះផង។ លោកថា ម្ចាស់ស្នេហ៍ម្នាក់នោះ រមែងធ្វើឲ្យលោកទទួលបាននូវភាពកក់ក្ដៅ និងបានទាំងធ្វើឲ្យលោករំភើបជាមួយនឹងកាដូជាច្រើនលើកជាច្រើនសារឲ្យតែដឹងថា លោកមានចំណូលចិត្តចង់បានអ្វី ឬស្រឡាញ់អ្វី។ លោកបាននិយាយថា «ខ្ញុំរំភើបដែលគាត់(សង្សារ)តែងតែធ្វើល្អច្រើនរឿងដើម្បីខ្ញុំ ជាក់ស្ដែងនៅថ្ងៃខួបរបស់ខ្ញុំគាត់មិនត្រឹមតែជួយចាត់ចែងឲ្យខ្ញុំទេ គឺគាត់បានឲ្យប្រអប់កាដូដល់ខ្ញុំមួយផង ខ្ញុំរំភើបមែនទែនដោយសារកាដូនោះគាត់ដាក់ក្នុងប្រអប់ ហើយមានលក្ខណៈជាអាថ៌កំបាង ដែលគ្រប់គ្នាស្មានថា ជាចិញ្ចៀនអីតើ ប៉ុន្តែចុងក្រោយ គឺជាខ្សែក្រផ្លាទីន ដែលមានបន្តោងព្រះមួយអង្គ ដែលគាត់ដឹងថា ខ្ញុំស្រឡាញ់នោះទៅវិញ!»។ លោកថា នោះជាខួបគម្រប់វ័យ២៥ឆ្នាំ របស់ខ្លួន ដោយលោកមិនទាន់ប្រាកដពីពេលវេលា ដើម្បីបង្ហាញមុខមាត់មនុស្សដែលលោកទទួលយកការស្រឡាញ់នោះទេ ដោយសារតែសង្សាររបស់លោកក៏មិនចង់ឲ្យមានព័ត៌មានណាមួយ។
នេះជាលើកទី១ ដែលតារាសម្ដែង និងជាពិធីករលោក ទេព រិទ្ធីនី បានលាតត្រដាងឲ្យដឹងជាសាធារណៈថា ខ្លួនពិតជាមានម្ចាស់ចិត្ត បើទោះជាលោកនៅលាក់នៅឡើយថា មនុស្សដែលលោកទទួលយកការស្រឡាញ់នោះ គឺជាអ្នកណា។ យ៉ាងណាមិញ មានការទម្លាយលោក គឺជាតារាសម្បូរស្នេហ៍ម្នាក់ ដោយសារតែមានម្ចាស់បេះដូងរួចហើយ ក៏មានទាំងបុរស និងនារីសម្បូរទ្រព្យជាច្រើនផ្សេងទៀត ប្រជែងតាមស្នេហ៍។ អញ្ចឹងហើយទើបមានការចាប់អារម្មណ៍គួរសមក្នុងពេលអ្នកគាំទ្រ ទន្ទឹងចង់មើលថា សំណព្វចិត្តរបស់លោកមានមុខមាត់យ៉ាងមិច ទើបអាចកន្ទ្រាក់បានបេះដូងរបស់លោក រហូតធ្វើឲ្យលោកធីបចោលស្នេហាពីមនុស្សនៅជុំវិញខ្លួន។
រិទ្ធីនី បញ្ជាក់ថា ដើម្បីមនុស្សដែលលោកស្រឡាញ់ ទោះជាការប្រកាសថា មានសង្សារហើយធ្វើឲ្យលោករងការប៉ះពាល់ប្រជាប្រិយភាពក្នុងសិល្បៈ ក៏ជារឿងដែលលោកសុខចិត្តទទួលយក៕
មតិយោបល់