ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៤ និង១០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មានជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ WILLIAM FRANCIS SCHOUTEN ភេទប្រុស អាយុ៦៨ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងនៅ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពីបទជនជាតិហ្វីលីពីន ចំនួន០៣នាក់ បានល្បួងគាត់យកទៅផ្ទះ និងលេងល្បែងគាបយកប្រាក់ សរុបលុយដុល្លារអូស្ត្រាលីចំនួន ៣៥០$ និងលុយបាតថៃចំនួន ១២,០០០បាត និងទូរសព្ទ័ម៉ាកIPHONE ចំនួន០២គ្រឿង (កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩)។
នៅវេលាម៉ោង១៨និង៣០នាទី ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនការងារអន្តោប្រវេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក កែវ សុធា ជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិហ្វីលីពីនចំនួន០៥នាក់(ស្រី០៣នាក់) នៅចំណុចផ្ទះជួលលេខ១១០ ផ្លូវលេខ១៣BT សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទល្បួងលេងល្បែងគាបយកប្រាក់ ពីជនជាតិអូស្ត្រាលី និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។
លោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថាជនបរទេសទាំង៥នាក់ដែលនគរបាលឃាត់ខ្លួនរួមមាន៖ទី១.ឈ្មោះ FERNANDO MANALA ANGELES ភេទប្រុស អាយុ៥៥ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន), ទី២.ឈ្មោះ KANOLOFELI ZARDOROZAS ភេទប្រុស អាយុ៧៥ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន), ទី៣.ឈ្មោះ MALOU R.ODICTA ភេទស្រី អាយុ៤០ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) មានកូនស្រីតូច អាយុ០៦ខែ មកជាមួយ, ទី៤.ឈ្មោះ JUDY MONTERO DELOS SANTOS ភេទស្រី អាយុ៤៩ឆ្នាំ និងទី៥.ឈ្មោះ MARLLYN JUEGO ORQUIOLA ភេទស្រី អាយុ៤៦ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
ដោយបានការអនុញ្ញាតពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យធ្វើកិច្ចសន្យា ចំពោះស្ត្រីឈ្មោះ MALOU R.ODICTA មានកូនស្រីតូច អាយុ០៦ខែ ឲ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញ និងត្រូវយកឯកសារដែលពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ចនៅពេលក្រោយ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងការិយាល័យកំពុងសាកសួរនិងអនុវត្តនីតិវិធីបន្ត ៕





មតិយោបល់