ព័ត៌មានជាតិ

ម៉ូតូមន្ត្រីអាវុធហត្ថក្រុងភ្នំពេញ ពន្លះម៉ូតូជិះបញ្ច្រាសផ្លូវ របួសទាំងសងខាង!

ភ្នំពេញៈ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញមួយរូប ជិះម៉ូតូអកហ្សឺ ជ្រុលបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតពេញទំហឹង ខណៈម៉ូតូនោះបើកសសៀរបញ្ច្រាសទិសដៅបណ្តាលឲ្យរងរបួសទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសរងរបួសទី១ត្រូវបានគេស្គាល់ថាឈ្មោះ មាស ថេត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បម្រើការនៅសាលាក្តីខ្មែរក្រហម ស្នាក់នៅភូមិអង្គសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកលែត ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY- 0915 ជិះតាមផ្លូវអទិភាពរងរបួសស្មាឆ្វេងនិងជើងខាងស្តាំ។ ចំណែកបុរសរងរបួសទី២មិនត្រូវបានស្គាល់ឈ្មោះនោះទេជិះម៉ូតូសសៀរបញ្ច្រាសផ្លូវម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-4247 រងបួសជើងស្តាំ។

មុនពេលកើតហេតុ គេឃើញម៉ូតូដែលជិះដោយមន្ត្រីកងរាជអាវុធហត្ថខាងលើជិះក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៥ ខណៈមកដល់កន្លែងកើតហេតុ ក៏អកហ្សឺជាមួយម៉ូតូវ៉េវដែលកំពុងជិះសសៀរបញ្ច្រាសផ្លូវខាងលើក្នុងទិសដៅពីកើតទៅលិចបំណងឆ្លងផ្លូវជិះដោយបុរសវ័យចំណាស់មិស្គាល់ឈ្មោះខាងលើជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង។ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។

ក្រោយពេលកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូលែតបានទៅមន្ទីរពេទ្យ។ ចំណែកម៉ូតូទាំង២គ្រឿងបន្ទាប់ពីសមត្ថកិច្ចវាស់វែងរួចត្រូវបានយកទៅរក្សាទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦រង់ចាំភាគីឬតំណាងទាំងសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

មតិយោបល់