ព័ត៌មានជាតិ

សង្ស័យជាមុខសញ្ញាប្លន់មានកាំភ្លើងសៀតចង្កេះ សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប

ភ្នំពេញ: បុរសម្នាក់ដែលគេសង្ស័យថា ជាមុខសញ្ញាប្លន់ដោយមានកាំភ្លើងសៀតនៅនឹងចង្កេះ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពងទឹក និងនគរបាលខណ្ឌដង្កោបើកប្រតិបត្តិការបង្ក្រាប ។

នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ពងទឹកចេញល្បាតក៏ប្រទះឃើញជនសង្ស័យខាងលើស្លៀកពាក់ឈុតខ្មៅ សៀតកាំភ្លើងនៅចង្កេះ ហើយជិះម៉ូតូសង់កូរេ ស្លាកលេខស័ង្កសីចេញពីផ្ទះសំណាក់តាមបណ្តោផ្លូវជាតិលេខ៣ បម្រុងជិះសំដៅទៅរង្វង់មូលចោមចៅគោលបំណងជួបជាមួយបក្ខពួក ដើម្បីចេញប្លន់ ហើយត្រូវបានសមត្ថកិច្ចហៅឲ្យឈប់តែជនអាវខ្មៅប្រដាប់ដោយអាវុធខ្លី១ដើម ម៉ាកK59នេះ មិនព្រមឈប់បានព្យាយាមជិះម៉ូតូរត់គេចខ្លួន។

ក្រោយមកដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាកម្លាំងឲ្យធ្វើការពួនស្ទាក់ចាប់បានជនសង្ស័យនៅម្តុំភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ខណ:ពេលដែលសមត្ថកិច្ចកំពុងតែឡោមព័ទ្ធជនសង្ស័យបានបោះកាំភ្លើងចោលទៅក្នុងវាលស្រែដែលមានទឹក ហើយត្រូវបានសមត្ថកិច្ចចុះរាវរកកាំភ្លើង ដែលជនសង្ស័យបានបោះចោលយកមកធ្វើវត្ថុតាង។

បច្ចុប្បន្នជនសង្ស័យ កំពុងសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ៕

មតិយោបល់