ព័ត៌មានជាតិ

ខ្ទាតពោតពេញផ្លូវ របួសធ្ងន់២នាក់ ដោយសាររថយន្តនីសាន់ ស្លាកលេខ បាត់ដំបង 2B-9998

បាត់ដំបង: មនុស្ស២នាក់ បានរងរបួសធ្ងន់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនីសាន់ បុកជាមួយនឹងរម៉កលក់ពោតស្ងោរពេញទំហឹង បណ្តាលឲ្យរងការខូចខាត និងខ្ទាតរប៉ាត់រប៉ាយពេញផ្លូវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​

អ្នកបើកបររថយន្តបង្ក មានឈ្មោះ ហាក់ សុខហេង ភេទប្រុស អាយុ១៨ ឆ្នាំ មខរបរជាងមាស ។ ចំណែកអ្នករងរបួស ទី១ឈ្មោះ បុត្រ ធិន ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរលក់ដូរ និងទី២ អ្នករួមដំណើរជាមួយឈ្មោះ បុត្រ ភឿក ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ (ទាំង២នាក់របួសធ្ងន់) ។

មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Nissan NAVARA ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 2B-9998បើកក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកនឹងរម៉កម៉ូតូលក់ពោតស្ងោរ ដែលកំពុងជិះបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យជនរងគ្រោះប្រុសស្រី២នាក់ របួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង រួមនឹងអ្នកបើករថយន្ត ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រង់ចាំធ្វើការដោះស្រាយទៅតាមច្បាប់បន្តទៀត៕

មតិយោបល់