ភ្នំពេញៈ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងស្ថានភាពបែកក្បាលធ្លាយខួរ បន្ទាប់ពីម៉ូតូ២គ្រឿងជិះទាក់ដៃចង្កូតគ្នាដួល ជនរងគ្រោះខ្ទាតចូលរថយន្តបែនដឹកដី កាលពីវេលាម៉ោង៨និង៥នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខក្លោងទ្វារវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុ ដោយផ្នែកទៅលើអត្តសញ្ញាណប័ណ្ណនៅជាប់ខ្លួនមានឈ្មោះ ថូ ស៊ាវឡុង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានស្រុកកំណើតឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ អ៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GA-7362 ។ ចំណែករថយន្តបង្ក ម៉ាកនីសាន់ បែនកង់៦ ចង្កូតស្តាំ ពាក់ស្លាកលេខ PP-0735 ជារថយន្តដឹកដី បើកបរដោយឈ្មោះ មាស បុរី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បើកបររថយន្តដឹកដី មានទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូជនរងគ្រោះបើកពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា១២៥ មិនចាំស្លាកលេខ បើកដោយបុរសម្នាក់ចេញពីផ្លូវបេតុងត្រង់ជន្លង់ម្លូ ពីលិចទៅកើតឡើងតាមផ្លូវជាតិលេខ៣ បត់ឆ្ពោះទៅត្បូង ជ្រុលទៅទាក់ដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលស្របពេលរថយន្តបែនដឹកដី បើកពីជើងទៅត្បួង ជាន់ហ្វាំងមិនទាន់ក៏កិនពីលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែង ចំណែកម៉ូតូម្ខាងទៀតមិនដួល បានបើករត់ទៅបាត់ រីឯរថយន្តមិនបានឈប់ទេ ព្យាយាមបើករត់គេច ចូលទៅតាមផ្លូវ៣០ម៉ែត្រ ចំងាយជាង៣០០ម៉ែត្រពីកន្លែងកើតហេតុ ទើបពលរដ្ឋ សមត្ថកិច្ចដេញចាប់ឃាត់បានទាំងរថយន្តទាំងអ្នកបើកបរ។
តាមសម្តីអ្នកបើកបររថយន្តបានឲ្យដឹងថា ខណៈដែលជនរងគ្រោះជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលរថយន្តរបស់ខ្លួន ដោយមិនហ៊ានឈប់នៅកន្លែង ព្រោះខ្លាចពលរដ្ឋស្វាគមន៍ ចាប់វ៉ាយដូចធ្លាប់ឃើញធ្លាប់ដឹងកន្លងមក ទើបបើកបន្តដំណើរទៅមុខ រហូតចាប់ឃាត់បានតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្ក និងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ត្រូវបាននគរបាលជំនាញ នាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ កសាងសំណុំរឿងដោះស្រាយទៅតាមច្បាប់៕
មតិយោបល់