បាត់ដំបងៈ លោក វរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានស្ត្រីម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីត្រូវបានសត្វដំរីមួយក្បាល ដែលឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ដើរជាន់ខណៈដែលគាត់កំពុងដេក ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី យប់ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រមុះភ្នំណាំសាប ខាងលិច ភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ខាងលើនេះ មានឈ្មោះ ចក់ គីមណៃ ភេទ្រស្រី អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មកធ្វើកម្មករកាប់ដំឡូង និងស្នាក់នៅចំណុចកើតហេតុខាងលើ ។
ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា សត្វដំរីខាងលើនេះចេញមកពីប្រទេសថៃ តាមព្រំដែនស្រុកសំពៅលូន រយៈពេល៤ ទៅ៥ថ្ងៃកន្លងមកហើយ ហើយនៅថ្ងៃកើតហេតុសត្វដំរីនោះបានដើរមកដល់ចំណុចខាងលើ ដែលជនរងគ្រោះកំពុងតែដេកស្នាក់នៅ ក្នុងចម្ការ មានរោងប្រក់តង់ ក៏ត្រូវសត្វដំរីដើរជាន់ បណ្ដាលឲ្យរងរបួសបាក់ឆ្អឹងជំនីរខាងស្ដាំ(ធ្ងន់) ត្រូវបានបងប្អូន និងសមត្ថកិច្ចជួយយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន ដើម្បីសង្គ្រោះតែម្តង ហើយពេលនេះ សត្វដំរីខាងលើ កំពុងនៅចំណុចណាំសាប ព្រំប្រទល់ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ៕
មតិយោបល់