ព័ត៌មានជាតិ

ឃើញក្មេងស្រស់ស្អាត ទប់អារម្មណ៍មិនបាន ចាប់រំលោភសម្រេច ៤ដង ចុងក្រោយខ្នោះ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១១ និង ៥០នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យ បទល្មើសជួញដូរមនុស្ស ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានចុះប្រតិបត្តិការបង្រ្កាបករណី រំលោភសេពសន្ថវ: ប្រព្រឹត្តកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទឹកដីប្រទេសថៃ និងឃាត់ខ្លួនជនសង្ស័យម្នាក់។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងថា៖ យោងពាក្យបណ្តឹងរបស់ឈ្មោះ ថ.ជ (ត្រូវជាម្តាយរបស់ជនរងគ្រោះ) ភេទ ស្រី អាយុ ៥៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងដោយអនុវត្តន៍ ទៅតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ០៥អ.យ.ខ របស់លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងការិយាល័យ ប្រឆាំងបទល្មើសជួញដូរមនុស្ស ចុះប្រតិបត្តិការបង្រ្កាបករណីខាងលើ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អែល អ៊ឹម ភេទ ប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ថ.ស.ជ ភេទ ស្រី អាយុ ១៨ឆ្នាំ បានបញ្ជាក់ឲ្យដឹងថា ៖ ម្តាយរបស់ខ្លួនជាអ្នកធ្វើការនៅថៃ បម្រើការងារនៅតាមផ្ទះ (ផ្ទះរបស់ជនសង្ស័យ) ដោយមើលឃើញការងារ អាចរកថវិកាបានសមល្មម ម្តាយខ្លួនបានសុំជនសង្ស័យខាងលើ យកខ្លួនទៅធ្វើការងារជាមួយដែរ (គោលបំណងកន្លែងផ្សេង) លុះចូលដល់ទឹកដីថៃ ខ្លួនក៏ត្រូវជនសង្ស័យឲ្យស្នាក់នៅកន្លែងមួយ ដែលជនសង្ស័យជាអ្នករៀបចំ ជាមួយនិងប្រពន្ធរបស់ជនសង្ស័យ តែពេលដែលប្រពន្ធជនសង្ស័យ បានចូលបន្ទប់ទឹក ស្រាប់តែជនសង្ស័យ បានមករកខ្លួនពេលកំពុងដេកលក់ ពេលដឹងខ្លួន បានដឹងថា ជនសង្ស័យដេកពបពីលើខ្លួន ហើយខ្លួនបានរើបម្រះរួច រត់ទៅឲ្យប្រពន្ធជនសង្ស័យជួយ លុះដល់យប់បន្ទាប់ ពេលខ្លួនកំពុងដេកលក់ ជនសង្ស័យបានចាប់រំលោភខ្លួន រហូតបានសម្រេច ០១លើក និងបានគំរាមថា បើប្រាប់អ្នកទីបីឲ្យដឹង ជនសង្ស័យនឹងធ្វើបាបមិនឲ្យរួចខ្លួនឡើយ និងបានរំលោភមកលើខ្លួន ជាបន្តបន្ទាប់រហូតសម្រេចបាន ០៤លើក ដោយមានការភ័យខ្លាច ខ្លួនក៏យកឥវ៉ាន់រត់ចេញពីកន្លែង របស់ជនសង្ស័យទៅរស់នៅកន្លែងផ្សេង ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ៖ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបាននាំជនរងគ្រោះទៅធ្វើការនៅប្រទេសថៃ និងបានស្នាក់នៅជាមួយគ្នាចំនួន ០៤ថ្ងៃ ដោយឃើញជនរងគ្រោះនៅក្មេង និងស្រស់ស្អាត ខ្លួនទ្រាំមិនបានក៏ចាប់ង្ខំរំលោភនាង ដោយគិតថា នៅប្រទេសថៃមិនអាចមានបញ្ហាអ្វីនោះទេ ។

ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមពាក្យបណ្តឹង និងរតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស រំលោភសេពសន្ថវ: យ៉ាងពិតប្រាកដ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់