ព័ត៌មានជាតិ

សកម្មជនដីធ្លីនៅបុរីកីឡាម្នាក់ ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួនអប់រំ

ភ្នំពេញ: សកម្មជនដីធ្លីម្នាក់ក្នុងចំណោមគ្នាជាច្រើននាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន ខណ:ពេលបានធ្វើយុទ្ធនាការពាក់អាវខ្មៅនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅមុខសាលាឧទ្ធរណ៍ ដើម្បីទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់មន្ត្រីសមាជិកសមាគមអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់។

ការទាមទាររបស់សកម្មជនដីធ្លីនាព្រឹកនោះដែរ ខណ:ពេលសាលាឧទ្ធរណ៍កំពុងបើកសវនាការសំណុំរឿង សុំនៅក្រៅឃុំបណ្តោះអាសន្ន របស់មន្ត្រីសមាគមអាដហុកចំនួន៤រូប គឺមានឈ្មោះលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី និងលោក នី ចរិយា អគ្គលេខាធិការរងគណ:កម្មាធិការជាតិរៀបចម្ការបោះឆ្នោត។

សកម្មជនម្នាក់ដែលស្លៀកពាក់ខ្មៅដាក់ស្លាកថា (ឃ្លានយុត្តិធម៌)ដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួននោះឈ្មោះសរ ស៊ន ភេទស្រី អាយុ៥៧ឆ្នាំជាសកម្មជនដីនៅតបន់បុរីកីឡា។

គួរបញ្ជាក់ថា ក្នុងបដាដែលក្រុមសកម្មជនដីធ្លីពាក់អាវខ្មៅនាំគ្នាមកលើកតវ៉ានៅខាងមុខសាលាឧទ្ធរណ៍នោះ មានខ្លឹមសារថា សាលាឧទ្ធរណ៍ត្រូវតែទម្លាក់ការចោទប្រកាន់មកលើមន្ត្រីអង្គការអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ជាបន្ទាន់ ព្រោះពួកគាត់គ្មានកំហុសទេ ព្រោះពួកគាត់ជាអ្នកការពារសិទ្ធិមនុស្ស និងជួយជនក្រីក្រ ដែលមានបញ្ហាផ្សេងៗ យើងខ្ញុំជាប្រជាពលរដ្ឋត្រូវការអង្គការសិទ្ធិមនុស្សជួយ ត្រូវដោះលែងពួកគាត់ជាបន្ទាន់។

សមត្ថកិច្ចខណ្ឌដូនពេញបានបញ្ជាក់ថា ស្រ្តីសកម្មជនឈ្មោះសរ ស៊ន ដែលឃាត់ខ្លួននោះកំពុងធ្វើការអប់រំណែររួចហើយ និងឲ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ៕

មតិយោបល់