ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Mitsubishi បានថ្លែងថា ខ្លួនបានអភិវឌ្ឍចេញប្រព័ន្ធកាមេរ៉ាសុវត្ថិភាពកម្រិតខ្ពស់បំផុតសម្រាប់បំពាក់លើរថយន្ត ជំនួសឱ្យកញ្ចក់មើលក្រោយធម្មតាៗនាពេលបច្ចុប្បន្ន។
ប្រព័ន្ធកាមេរ៉ានោះ ដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កម្មសិទ្ធិផ្ទាល់របស់ក្រុមហ៊ុន ដែលអាចចាប់សញ្ញាវត្ថុផ្សេងៗបានចម្ងាយរហូតដល់ ១០០ ម៉ែត្រ និងអាចផ្តល់សញ្ញាព្រមានថ្មីដល់អ្នកបើកបរចំពោះឧបសគ្គដែលអាចកើតឡើងទាន់ហន់នៅខាងមុខ ដើម្បីជួយបញ្ជៀសគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ ជាពិសេសពេលផ្លាស់ប្តូរគន្លងផ្លូវតែម្តង។
ប្រព័ន្ធនោះ មានសមត្ថភាពសម្គាល់ដឹងពីវត្ថុផ្សេងៗ ថាជាមនុស្ស អ្នកថ្មើរជើង រថយន្ត ឬម៉ូតូជាដើម ហើយថែមទាំងអាចចាប់បានត្រឹមត្រូវដល់ ៨១% ទៀតផង។ ពោលគឺ ខ្ពស់ជាងប្រព័ន្ធកាមេរ៉ាសាមញ្ញាៗដែលអាចចាប់បានចម្ងាយត្រឹម ៣០ ម៉ែត្រ និងចាប់បានត្រឹមត្រូវត្រឹមតែ ១៤%។
ប្រភេទរថយន្តបំពាក់ប្រព័ន្ធកាមេរ៉ាជំនួសកញ្ចក់មើលក្រោយបែបគំរូដែលក្រុមហ៊ុន Mitsubishi តាំងបង្ហាញ នឹងប្រកាសចេញនៅក្នុងប្រទេសជប៉ុននៅដើមឆ្នាំក្រោយ ហើយវានឹងជួយបង្កើនកម្រិតសុវត្ថភាពតាមដងផ្លូវឱ្យកាន់តែខ្ពស់ ជាពិសេសក្នុងស្ថានភាពផ្លុវយប់ងងឹត ចុះអាប់ ធ្លាក់ព្រិល ឬបែកផ្សែង ដែលភ្នែកមនុស្សធម្មតាពិបាកនឹងមើលឃើញ៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់